កីឡាករ​ប្រដាល់ Rashed Al-Swaisat ជនជាតិ​ហ្សកដានី បាន​ទទួល​មរណភាព នៅ​១១​ថ្ងៃ​ក្រោយ​ពី​ពេល​ដែល​​រូប​គេ​បរាជ័យ ​ដោយ​សន្លប់ នៅ​ក្នុង​ប្រកួត​ជើង​ឯក​យុវជន យុវតី ពិភពលោក AIBA Youth World Boxing Championships ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​Kielce ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​១៦ ខែ​មេសា ឆ្នាំ​២០២១។

សហព័ន្ធ​កីឡា​ប្រដាល់​អន្តរជាតិ International Boxing Association (AIBA) បាន​បង្ហោះ​សារ​​កាន់​ទុក្ខ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន ក្រោយ​មរណភាព​របស់​កីឡាករ​​វ័យ​១៩​ឆ្នាំ​រូប។ Rashed Al-Swaisat បាន​ប្រកួត​ចាញ់​កីឡាករ Anton Winogradow របស់​ប្រទេស​អេស្តូនី ក្នុង​ប្រភេទ​ទម្ងន់ ក្រោម​81គីឡូក្រាម ហើយ​ដួល​បោក​ក្បាល​នឹង​សង្វៀន​នៅ​ក្នុង​ទឹកទី៣។ ក្រោយ​បរាជ័យ​ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​កីឡាករ​រូប​នេះ​ទៅ​កាន់​មន្ទីរពេទ្យ​ហើយ​​ត្រូវ​វះកាត់​ខួរក្បាល តែ​ការ​ជួយ​សង្គ្រោះ​នោះ​មិន​បាន​សម្រេច​រហូត​រូប​គេ​ទទួល​មរណភាព​តែ​ម្តង។

សារព័ត៌មាន WP SportoweFakty ប៉ូឡូញ បាន​ធ្វើការ​ស៊ើបអង្កេត​ពី​ឧបទ្ទវហេតុ​នេះ​ឡើង​វិញ​ផង​ដែរ​ ប៉ុន្តែ​មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​ណាមួយ​ដែល​បង្ក​​ឡើង​ដោយ​ចេតនា​នោះ​ទេ៕​​​

Share.