និយាយ​ដល់​រឿង​ភាគ​កូរ៉េ​ សម្រាប់​អ្នក​និយម​គាំទ្រ​​និង​ចូល​ចិត្ត​ទស្សនា​ប្រាកដ​ជា​ស្គាល់​ច្បាស់​រាជិនី ​៧​ដួង នៅ​ក្នុង​វិស័យ​សិល្បៈភាពយន្ត​កូរ៉េ​​ ​ធ្លាប់​បាន​សាង​កេរ្តិ៍ឈ្មោះ​យ៉ាង​ច្រើន​តាម​រយៈ​ការ​សម្ដែង​រឿង​ភាគ​ ភាពយន្ត​ខ្នាតធំ ដែលអាច​ឆក់​យក​បេះដូង​អ្នក​ទស្សនា​ឱ្យ​អណ្ដែត​អណ្ដូង​និង​ចូលតួ​ជាមួយ​នឹង​ការ​សម្ដែង​ទៅ​តាម​ចរិត​នីមួយៗ​របស់​តួ​អង្គ​។ ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​​ខ្លាំងទៀត​នោះ​គឺ​តារា​ស្រី​កូរ៉េ​ប៉ុន្មាន​ដួង​នេះ​មិន​ថា​ពេល​វេលា​ផ្លាស់​ប្ដូរ​ទៅ​យូរ​ប៉ុណ្ណា​តែ​សម្រស់​របស់​អ្នក​ទាំង​នោះ​នៅ​តែ​មើល​ទៅ​ក្មេង​មិន​សមនឹង​អាយុ​ទាល់​តែ​សោះ​។

តារា​សម្ដែង​ស្រី​កូរ៉េ​5​ដួង​ ដែល​ទស្សនិក​ជន​អ្នក​និយម​ទស្សនា​ភាពយន្ត​កូរ៉េ​ស្គាល់​ច្បាស់​ គឺជា​តារា​ស្រីដែល​មាន​វ័យ​ជ្រេ​ ដោយ​អ្នក​ខ្លះ​ចូល​វ័យ​ត្រា​ទុក​៤​និង​ត្រា​ទុក​៥ ប៉ុន្តែ​នៅ​តែ​អាច​ក្ដោបតំណែង​ជា​តួឯក​ស្រី​​ យក​ឈ្នះ​នារី​វ័យ​ក្មេង​ៗ​ជា​តារា​សម្ដែង​ស្រករ​ក្រោយ​។ តើ​​រាជិនី​ទាំង​៥​ដួ​ង​នោះ​​មាន​​អ្នក​ណា​ខ្លះ​?​

១. Song Hye-kyo, ហៅ​ ហាន់ជីអ៊ុន បច្ចុប្បន្ន​មាន​វ័យ៣៩ ចាប់​តាំង​ពី​ហក់​ចូល​ក្នុង​វិស័យ​សិល្បៈ​ជា​តារា​សម្ដែង​កុមារ​ រហូត​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​តាមរយៈ​តារា​ទឹក​ភ្នែក​ក្នុង​ខ្សែ​ភាពយន្ត​ «Autumn in my heart»«​និទាឃរដូវ​ក្នុង​បេះដូង»​ ធ្វើ​ឱ្យ​ Song Hye Kyo ក្លាយ​ជា​តារា​ស្រី​ឆ្នើម​មួយ​រូប​ក្នុង​ពិភព​សិល្បៈ​កូរ៉េ ​ម្យ៉ាងដោយ​សារ​តែ​សម្រស់ស្អាត​ពី​ធម្មជាតិ​របស់​ខ្លួន​។​ នៅ​ក្នុង​អាជីព​តារា​ស្រី​រូប​នេះសម្ដែង​ជា​តួ​ឯក​ក្នុង​ភាពយន្ត​ល្បីៗ​ដូច​ជា​ All In (ឆ្នាំ 2003) Full House (បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍ ឆ្នាំ ២០០៤) That winter, the wind blows (ឆ្នាំ ២០១៣) និង​រឿង​ដ៏​ល្បីល្បាញ​ Descendants of the Sun ឬម្ចាស់​ព្រះ​អាទិត្យ​ (ឆ្នាំ 2016)​ជាមួយ​នឹង​អតីត​ស្វាមី Song Joong Ki។ ស្ដាប់​ការ​រៀបរាប់​បង្ហាញ​ឱ្យ​ឃើញ​ថា​តារា​រូប​នេះ​សម្ដែង​រឿង​ភាគ​ល្បីៗ​ជាច្រើន​រឿង​ប៉ុន្តែ​បើ​សង្កេត​ពី​មួយ​រឿង​ទៅ​មួយ​រឿង​តារា​ស្រី​រូប​នេះ​ហាក់​ដូច​ជា​មិន​ប្រែប្រួល​ទាល់​តែ​សោះ​ទោះ​ជា​អាយុ​ក្បែរ​ក្បាល​៤​ក្ដី​។ រឿង​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ​កាល​ពី​ឆ្នាំ​២០១៨ Song Hye Kyo បាន​សម្ដែង​ជា​បុរស​សង្ហា​ Park Bo Gum ដែល​​កាល​ណោះ​មា​ន​អាយុ​ត្រឹម​ ២៧​ឆ្នាំ​ គឺ​ប្អូន​សរុប​១២​ឆ្នាំ​ ប៉ុន្តែ​​ការ​សម្ដែង​របស់​អ្នក​ទាំងពីរ​នៅ​មើល​ទៅ​ស័ក្ដិសម​ឥត​ខ្ចោះ​ អ្នក​ទស្សនា​មិន​មាន​អារម្មណ៍​ថា​តួ​ស្រី​ចាស់​ជាង​តួ​ប្រុស​បន្តិច​នោះ​ទេ​។

២. Jun Ji-hyun, ជុនជីយ៉ុន ហៅ​ ឆូ សុងអ៊ី បច្ចុប្បន្ន​វ័យ​ 39 ៖​ចាប់​តាំង​ពី​សាង​ឈ្មោះ​ល្បី​តាមរយៈ​ភាពយន្ត​ខ្នាត​ធំ​ My Sassy Girl កាល​ពី​ឆ្នាំ​២០០១ ទាំង​រូប​សម្បត្តិ​ ទាំងសមត្ថភាព​នាង​ត្រូវ​បាន​អ្នក​គាំទ្រ​ទទួល​ស្គាល់​ កន្លង​មក​១២​ឆ្នាំ​អាយុ​មិនមែន​ជា​បញ្ហា​សម្រាប់​តារា​ស្រី​រូប​នេះ​ឡើយ​ ព្រោះ​នៅ​ឆ្នាំ​២០១៣ តារា​​រូប​នេះ​បាន​សម្ដែង​ជា​តួអង្គ​តារា​ស្រីល្បី​ក្នុង​ភាពយន្ត​ភាគ​ My Love From anther Star ជា​រឿង​ដែល​ឆក់​បាន​បេះដូង​អ្នក​គាំទ្រ​ទូទាំង​អាស៊ី​។ ៣​ឆ្នាំ​ក្រោយ​ត្រលប់​មក​គ្រង​បល្ល័ង្ក​សម្ដែង​ឡើងវិញ​ Jun Ji hyun បាន​ទទួល​ថត​ជា​តួអង្គ​ទេពមច្ឆានៅ​ក្នុង​រឿង​ The Legend of the Blue Sea ជាមួយ​នឹង​ប្រុស​ស្អាត​ Lee Min Ho រឿង​នេះ​ក៏​ទទួល​បាន​ជោគជ័យ​យ៉ាង​សម្បើម​ផង​ដែរ​ និង​ចុង​ក្រោយ​សម្ដែង​ជា​អ្នក​ចម្បាំង​ក្នុង​ភាពយន្ត​ខ្មោច​ Zoombie «Kingdom»។ អ្នក​គាំទ្រ​បាន​ពោល​ពាក្យ​ដូច​គ្នា​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០០១ ដែល​បាន​ស្គាល់​តារា​ស្រី​រូប​នេះ​នៅ​ក្នុង​ភាពយន្ត​មក​ដល់​បច្ចុប្បន្ន​ សម្រស់​របស់​អ្នក​នាង​នៅ​តែ​ស្អាត​ជា​អមតៈ​ មិនមាន​អ្វី​ប្រែ​ប្រួល​។

៣. Son Ye-jin, បច្ចុប្បន្ន​វ័យ​ 39ឆ្នាំ​ តារា​សម្ដែង​ម្ចាស់​រហស្សនាមម្ចាស់​ក្សត្រី​ភាព​យន្ត​កំប្លែង​លាយ​មនោសញ្ចេតនា​ ចាប់​ផ្ដើម​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​តាម​រយៈ​រឿង​ The Classic (ឆ្នាំ​២០០៣) A moment to remember (2004) April Snow (2005) , Be with you (2006) និង​ The Negotiation (2018) ថ្វី​ត្បិត​ជា​រាជិនី​ភាពយន្ត​ប៉ុន្តែ​តារា​ស្រី​រូបនេះ​​ក៏​មានសមិទ្ធិផល​ភាពយន្ត​ភាគ​ល្បីល្បាញ​ខ្លាំង​ដែរ​ដូច​ជា​រឿង​ «Something in the Rain» ឆ្នាំ​២០១៨ និង​ពិសេស​រឿង​ចុង​ក្រោយ​​ «Crash Landing on you» រឿង​ភាគកូរ៉េ​ស្នេហា​​​មនោសញ្ចេតនា​របស់​ទូរទស្សន៍​ TVN ជាមួយ​នឹង​មិត្ត​ប្រុស​បច្ចុប្បន្ន​ Hyun Bin។ ទោះ​ជា​បាន​ប្រឡូក​ក្នុង​វិស័យ​នេះ​២០​ឆ្នាំ​ក្ដី​ប៉ុន្តែ​បើប្រៀប​ធៀប​ថ្ងៃ​មុន​នឹង​ថ្ងៃ​នេះ​អ្នក​គាំទ្រ​នៅ​តែ​មិន​អាច​រក​ឃើញ​ថា​សម្រស់​របស់​តារា​រូប​នេះ​មាន​ការ​ប្រែប្រួល​ត្រង់​ចំណុច​ណា​នោះ​ទេ​។ សម្រាប់​ឆ្នាំ​២០២២ ខាង​មុខ​នេះ​ Son Ye Jin នឹង​មាន​វត្តមាន​ដំបូង​ក្នុង​ភាពយន្ត​ហូលីវូដ​ the Cross។

៤. Lee Young-ae, ហៅ​ចាំង​ គីម បច្ចុប្បន្ន​វ័យ​ 50 បើ​និយាយ​ពី​តារា​ស្រី​ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​ចាត់​ចូល​ក្រុម​តារាមាន​​សម្រស់​អមតៈ​ មាន​ឈ្មោះ​របស់​ Lee Yong Ae មិន​ចម្លែក​នោះ​ឡើយ​ ព្រោះ​តួ​អង្គ​ចាំងគីម​ដ៏​ល្បីល្បាញ​ ដែល​ធ្វើ​ឱ្យ​ភាពយន្ត​បុរាណ​បែប​ប្រវត្តិសាស្ត្រ​កូរ៉េ​ល្បីល្បាញ​ធ្លាយ​មក​ដល់​កម្ពុជា​រូប​នេះ​ ទោះ​ជា​មាន​វ័យ​កាន់​តែ​ជ្រេ​ក្ដី​ប៉ុន្តែ​សំបុរ សាច់​ ស្បែក​ និង​ស្នាម​ញញឹម​នៅ​តែ​ទាក់ទាញ​និង​អាច​ធ្វើ​ឱ្យ​បេះដូង​កំលោះ​​ៗឈ្លក់​វង្វេងដដែល​។ រយៈ​ពេល​ច្រើន​ឆ្នាំ​ក្នុង​សិល្បៈ​រាជិនី​សម្រស់​រូប​នេះ​ នៅ​តែក្មេង​​ដដែល​មិនមាន​អ្វី​ប្រែប្រួល​នោះ​ឡើយ​។ ​

៥. Choi Ji-woo, បច្ចុប្បន្ន វ័យ 45 ឆ្នាំ តារា​សម្ដែង​ម្ចាស់​រហស្សនាម​តារា​ទឹក​ភ្នែម​មួយ​រូប​នៅ​ក្នុង​ពិភព​សិល្បៈ​ភាពយន្ត​កូរ៉េ​ K-drama ឆយ ជីវ៉ូ តួ​ឯក​ស្រី​នៅ​ក្នុង​ភាពយន្ត​ភាគ​មនោសញ្ចេតនា​ស្នេហា​កម្សត់​ «Winter Sonata 2002»​«ចម្រៀង​ស្នេហារដូវ​រងា» និង​រឿងភាគ​ស្នេហា​​ «Stairway to Heaven 2003»«​កាំជណ្ដើរ​សួរគ៌ 2003» គឺជា​រឿង​ភាគ​ដ៏​ល្បីល្បាញ​បំផុត​កាល​ពី​ជំនាន់​នោះ​រហូត​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្រក់ទឹកភ្នែក​ស្ទើ​ក្លាយ​ជា​ទន្លេ​ព្រោះ​តែ​អាណិត​ដល់​តួ​អង្គ​ដែល​តារា​ស្រី​រូប​នេះ​បាន​សម្ដែង​។ បាត់​ពី​សិល្បៈ​មួយ​រយៈ​ និង​សំរាល​កូន​ដំបូង​រួច​ ស្រាប់​តែ​លេច​វត្តមាន​តារារូប​នេះ​​ជា​តារា​កិត្តិយស​ក្នុង​រឿង​ «Crash Landing on you» ធ្វើ​អ្នក​ទស្សនាពិត​ជា​អន្ទះសារ​ចង់​ឃើញ​ការ​វិល​ត្រលប់​មក​កាន់​ការ​សម្ដែង​ឡើង​វិញ​ជា​ខ្លាំង​​ព្រោះ​រូប​សម្រស់​របស់​ ឆយ ជីវ៉ូ នៅ​តែ​ស្អាត​ គួរ​ឱ្យ​គយ​គន់​មិន​ចេះជិនណាយ​ដូច​គ្នា​។

ក្រៅ​ពី​​រាជិនី​៥​ដួង​ខាង​លើ​នេះ​ តារា​សម្ដែង​ Kim Tae Hee ភរិយា​របស់​តារា​សម្ដែង​តារា​ចម្រៀង​ល្បី​ Rain ក៏​ចាត់​ចូល​ជា​តារា​សម្ដែង​ដែលនៅ​តែ​រក្សា​និង​ក្ដោប​តំណែង​ជា​តួ​ឯក​ស្រី​បា​ន​ផង​ដែរ​ទោះ​ជា​អាយុ​៤១​ឆ្នាំ​ហើយ​ក្ដី​ ដោយ​រឿង​ចុង​ក្រោយ​ដែល​សម្ដែង​ជា​តួ​ឯក​ថ្មីៗ​នេះ​​គឺ​រឿង​ «Hi! Bye Mama» ។

Telegram-Troryorng
Share.