កម្ពុជា ដែល​ស្ថិត​ក្នុង​ពូល B នៃ​ពានរង្វាន់​បាល់ទាត់ផ្នែក​បុរស​ធំ​ប្រចាំ​តំបន់​អាស៊ាន ឈ្មោះថា AFF Suzuki Cup ឆ្នាំ២០២០ នឹង​ត្រូវ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី៦ ខែ​ធ្នូ ឆ្នាំ​២០២១ ខាង​មុខ​នេះ ខណៈ​ទីលាន​និង​ម៉ោង​ប្រកួត​នៅ​មិន​ទាន់​កំណត់​នៅ​ឡើយ។

បើ​តាម​​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​នៅ​រសៀល​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​ឃើញ​ថា៖
ពូល A៖ ថៃ,​មីយ៉ាន់ម៉ា,​ហ្វីលីពីន,​សិង្ហបុរី, ក្រុម​វគ្គ​ជម្រុះ អាច​ប្រ៊ុយណេ ឬ ទីម័រខាងកើត
ពូល B៖ វៀតណាម,​ម៉ាឡេស៊ី,​ឥណ្ឌូណេស៊ី,​កម្ពុជា,ឡាវ

ពានរង្វាន់នេះគ្រោងដំណើរការប្រកួតពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែ មករា ឆ្នាំ២០២២។

ព្រឹត្តិការណ៍ AFF Championship រៀបចំ​ឡើង​ដំបូង​ចាប់​ពី​ឆ្នាំ​១៩៩៦ មក​ដែល​កាល​ណោះ​ដាក់​ឈ្មោះ​ថា Tiger Cup តែ​ចាប់​ពី​ឆ្នាំ​២០០៨ មក​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា AFF Suzuki Cup ឱ្យ​ស្រប​តាម​ម្ចាស់​ឧបត្ថម្ភ និង​រៀបចំ​រាល់​២ឆ្នាំ​ម្តង។ ក្រុម​កម្ពុជា មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​ចែក​ពូល​ម្តង​ណា​នោះ​ទេ តាំង​ពី​ពានរង្វាន់​នេះ​បង្កើត​មក ខណៈ​ក្រុម​ថៃ ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​៥ដង ហើយ​ក្រុម​វៀតណាម ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ ២០១៨៕

Telegram-Troryorng
Share.