បុរសជាច្រើន ច្រើនតែខ្វល់ខ្វាយចំពោះការផ្លាស់ប្ដូរម៉ូដសក់ជាពិសេសអ្នកដែលទើបតែលាបពណ៌សក់ដំបូងៗ ព្រោះបើសិនជាប្ដូរជាពណ៌ឆើតក្លាយពិបាកតែងខ្លួន មិនស៊ីជាមួយនឹងបុគ្គលិកលក្ខណៈខ្លួន ដូច្នេះថ្ងៃនេះត្រយង សូមបង្ហាញជូនពណ៌សក់ចំនួន៦ពណ៌ ដែលជាពេញនិយមសម្រាប់បុរស ហ៊ានធានាថាមួយពណ៌ៗលាប់ហើយ មិនភ្លាវមិនរើស សមបំផុតសម្រាប់បុរសទាន់សម័យ។
១. ពណ៌ត្នោតបែកសូកូឡា
ចាប់ផ្ដើមដំបូងដោយពណ៌ត្នោតសូកូឡា ដែលជាពណ៌ស៊ីចង្វាក់ជាមួយនឹងបុរសៗបានគ្រប់សម្បុរស្បែក បើសិនអ្នកជាបុរសសំបុរស្រអែម ដាក់សក់ពណ៌ត្នោតបែកសូកូឡានឹងជួយធ្វើឱ្យផ្ទៃមុខរបស់អ្នកមើលទៅភ្លឺថ្លានិងក្មេងជាងវ័យ បើសិនអ្នកធ្លាប់លាបនេះហើយ គួរតែពិចារណាថែមហាយឡាយ ផ្លាស់ប្ដូរលក្ខណៈសម្បត្តិខាងក្រៅរបស់អ្នកឱ្យកាន់តែសង្ហាជាងមុន។

២. ពណ៌ផ្សែងបារី
សម្រាប់ពណ៌នេះ គឺសមជាមួយនឹងបុរសស្បែកស ព្រោះហ៊ានលាបគឺច្បាស់សង្ហា សង្កេតឃើញបានតារាកូរ៉េភាគច្រើនចូលចិត្តប្រើពណ៌នេះ ព្រោះលាបហើយមានតែទទួលបានពាក្យសរសើរ។ ចំណែកបុរសស្បែកស្រអែមបើសិនចង់សាកធ្វើ អាចនឹងប្រថុយប្រថានបន្តិច តែបើចង់សាកអាចសាកបាន ប៉ុន្តែពណ៌បែបនេះសូមឱ្យខាងជាងដែលមានជំនាញធ្វើឱ្យប្រសើរជាងសាកល្បងធ្វើនៅផ្ទះខ្លួនឯង ព្រោះត្រូវការផ្សំពណ៌បញ្ចូលគ្នាដើម្បីឱ្យចេញពណ៌នេះ

៣.ពណ៌ត្នោតបែកទឹកក្រូច
ពណ៌នេះគឺស័ក្តិសមខ្លាំងបំផុតសម្រាប់បុរសៗដែលចង់បន្ថែមពន្លឺឱ្យផ្ទៃមុខ ធ្វើហើយនឹងធ្វើឱ្យមុខមើលទៅសចែងចាំងជាងមុន ចំពោះបុរសកូនចៅចិនដែលមានស្បែកមុខសស្លេក គួរតែសាកលាបសក់ពណ៌នេះធានាថាច្បាស់ជាសង្ហាជាងមុន

៤. ពណ៌ត្នោត
ពណ៌នេះគឺជាពណ៌ដែលបុរសៗនិយមលាបមកតាំងពីយូរយារណាស់មកហើយ ព្រោះតែពណ៌នេះស័ក្ដិសមនឹងសម្បុរស្បែករបស់បុរសគ្រប់មិនថាជាសម្បុរសឬក៏ខ្មៅ ធ្វើសក់ពណ៌នេះមើលទៅសង្ហាតែអ្វីដែលសំខាន់ក្រៅពីពណ៌សក់ហើយកុំភ្លេចមើលថែសរសៃសក់ផងដើម្បីរក្សាភាពសង្ហាឱ្យបានយូរ

៥. ពណ៌មាស
បុរសដែលចង់ប្ដូរពណ៌សក់ភាគច្រើន ដោយសារធុញទ្រាន់នឹងភាពដដែលៗ ដូច្នេះបើសិនចង់ផ្លាស់ប្ដូរឱ្យខ្លួនឯងលេចធ្លោ សាកប្ដូរពណ៌សក់មាសតែម្ដងទៅ កុំចាំយូរ ប៉ុន្តែសក់ពណ៌មាសស័ក្ដិសមនឹងបុរសមានស្បែកស ច្រើនជាងបុរសស្បែកស្រអែម

៦. ពណ៌ខ្មៅធម្មជាតិ
ចំពោះបុរសដែលចូលចិត្តលេងពណ៌សក់ បើសិនលេងឆ្អែតហើយអាចត្រលប់មកលាបសក់ពណ៌ខ្មៅក្រឹបបែបធម្មជាតិវិញបាន ព្រោះបុរសសក់ពណ៌ខ្មៅក៏មានមន្តស្នេហ៍ម្យ៉ាងដែរ ចាស់ៗចំណាំនិយាយថាបុរសសក់ខ្មៅមើលទៅសុភាពរាបសារ ទន់ភ្លន់ ជាពិសេសសក់ខ្មៅស្បែកសឬខ្មៅបានទាំងអស់មិនរើសបោះទេ។

សម្រាប់ពណ៌សក់ក្រៅពីស្បែកហើយនោះ ទម្រង់មុខក៏សំខាន់ដែរដូច្នេះ មុននឹងចង់ប្ដូរពណ៌សក់ត្រូវពិចារណាឱ្យមែនទែនព្រោះពណ៌សក់អាចធ្វើឱ្យមុខយើងមានការផ្លាស់ប្ដូរបានដូចគ្នា ហេតុនេះមុននឹងប្ដូរពណ៌សក់ត្រូវពិនិត្យឱ្យច្បាស់លាស់ ជាពិសេសអ្នកដែលឧស្សាហ៍ដូរពណ៌សក់ត្រូវតែថែរក្សាសរសៃសក់ឱ្យបានដិតដល់ជាពិសេសទើបមិនបណ្ដាលឱ្យប៉ះពាល់សរសៃបណ្ដាលឱ្យខូចនិងជ្រុះបាន៕
