
សហព័ន្ធកីឡាបាល់បោះវៀតណាម (VBA) បានសម្រេចដាក់ក្រុមជម្រើសជាតិបាល់បោះ របស់ខ្លួនឱ្យចូលរួមប្រកួតនៅក្នុងលីគបាល់បោះ Pro Basketball Leagueប្រចាំប្រទេស ក្នុងហេតុផលដើម្បីបង្កើនសកម្មភាព មុនពេលទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ខែវិច្ឆិកា ចុងឆ្នាំ២០២១ នេះ។
លីគបាល់បោះដែលនឹងដំណើរការនៅខែកញ្ញា ខាងមុខនេះគឺមានពេលប្រកួត៣ខែ មុនស៊ីហ្គេម ដំណើរការ ដោយមានក្រុមចូលរួមចំនួន៨ក្រុមបូកទាំងក្រុមជម្រើសជាតិវៀតណាម ១ក្រុមថែមទៀត។ ក្រុមដែលមានស្រាប់ដែលបានចូលរួមប្រកួតក្នុងពានរង្វាន់ Pro Basketball League ឆ្នាំ២០២០ មានដូចជា Saigon Heat, Hanoi Buffaloes, Hochiminh City Wings, Danang Dragons, Thanglong Warriors, Cantho Catfish និងក្រុម Nhatrang Dolphins។

មុនលីគបាល់បោះប្រចាំប្រទេសដំណើរការ សហព័ន្ធកីឡាបាល់បោះវៀតណាម បានរៀបចំពានរង្វាន់ថ្មីមួយទៀតឈ្មោះថា VBA Tip-off Cup ដែលនឹងដំណើរការនៅក្នុងថ្ងៃទី១៦ ដល់២៣ ខែឧសភា នេះនៅទីក្រុងហូជីមិញ ដោយកំណត់ថាជាព្រឹត្តិការណ៍ប្រកួតកម្ដៅសាច់ដុំមុនពានរង្វាន់ Pro Basketball League មកដល់៕
