ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១នេះ បានប្រកាសអនុញ្ញាតឲ្យ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនបើកដំណើរការបង្រៀននិងរៀននៅក្នុងថ្នាក់ ឡើងវិញនៅទូទាំងប្រទេស។

ការសម្រេចរបស់ក្រសួងអប់រំយុវជននិងកីឡានេះធ្វើឡើងបន្ទាប់ពីក្រសួងបានកត់សំគាល់ថា  គ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស សាធារណៈ និងឯកជន នៅភូមិសាស្ត្រ ដែលមានហានិភ័យទាប បានចាប់ផ្តើមដំណើរការ បង្រៀន និង រៀនតាមបណ្ដុំ បន្ទាប់ពីការផ្អាកដំណើរ ការចាប់តាំងពីការផ្ទុះឡើង នៃព្រឹត្តិការណ៍ឆ្លង សហគមន៍ ២០កុម្ភៈ ។

បើតាមក្រសួងអប់រំ គំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធ្វើឲ្យមានប្រក្រតីភាព វិស័យអប់រំឡើងវិញ បាននិងកំពុងដំណើរការ ប្រកបដោយជោគជ័យ និងប្រុងប្រយ័ត្ន ។ គ្រឹះស្ថានអប់រំចំណេះ ទូទៅ សាធារណៈ និងឯកជនបាន និងកំពុងដំណើរការ តាមគ្រប់រូបភាព ដូចជា ការបើកសាលារៀនឡើងវិញ នៅកម្រិតអប់រំចំណេះទូទៅ, ការបង្រៀននិងរៀនជាបណ្ដុំ, ការបង្រៀននិង រៀនសម្រាប់ថ្នាក់ទី៩ និងទី១២ និងការបន្តរៀនតាមអនឡាញ នៅតាមរាជធានី-ខេត្ត ។

ក្នុងនោះដែរ ក្រសួងអប់រំយុជននិងកីឡាបានកំណត់គោលការណ៍១១ចំណុចសម្រាប់ការបើក ដំណើរការឡើងវិញក្នុងដំណាក់កាលទី១ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជននេះ ។គោលការណ៍ទាំងនោះរួមមាន៖ ការគោរពទៅតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ការធ្វើតេស្តរកមេរោគកូវីដ១៩ ទាំងសាស្ត្រាចារ្យនិងនិស្សិត(បើមានលទ្ធភាព ការកំណត់ចំនួន និស្សិតក្នុងថ្នាក់រៀនមិនឲ្យលើសពី២០នាក់ បង្កើតគណៈកម្មការសុខភាពសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាជាដើម៕

Share.