បាត់ដំបង៖ សិស្ស និស្សិតជាបេក្ខជន បេក្ខនារីចំនួន ៦រូប បានជាប់ចំណាត់ថ្នាក់ជ័យលាភីនិទានរឿងជាភាសាចិន ផ្តោតលើការងារពង្រឹងកិច្ចសហប្រតិការរវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានខុងជឺ។

ក្នុងពិធីប្រកួតប្រជែងនិទានរឿងជាភាសាចិនផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម សុខ ឃុន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានបញ្ជាក់ថា ក្រោទំនាក់ទំនងដែកថែបរវាងកម្ពុជា ចិន ពិតណាស់ គឺយើងកំពុងទទួលបាននូវផ្លែផ្កាគួរជាទីមោទក ម៉្យាងទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងវិស័យផ្សេងទៀតសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព យុវជននៃប្រទេសទាំងពីរគប្បីរៀនភាសាគ្នា ទៅវិញទៅមក ដើម្បីស្វែងយល់ពីវប្បធម៌ និងសង្គមឲ្យក្លាយជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែប្រសើរថែមទៀត។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ការសិក្សារៀនសូត្រពីភាសាផ្សេងៗ ក៏ដូចជាភាសាចិនរបស់ក្មួយៗទាំងអស់ពិតជាស្ពានដ៏ប្រពែក្នុងការនាំយកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ ដែលជាពិសេសតំបន់ទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ចែកជូនដល់ជនជាតិចិន ឬជនបរទេសនានា ដែលប្រើប្រាស់ភាសាចិនបានយល់កាន់តែច្បាស់ ហើយនឹងបានមកកាន់តែច្រើនដើម្បីធ្វើការវិនិយោគ និងចូលមកទស្សនាតំបន់ទេសចរណ៍ទាំងឡាយនៅក្នុងប្រទេសកម្ពុជា។

បេក្ខជន បេក្ខនារីទាំង ៦រូបដែលឆ្លងកាត់ការប្រកួតជម្រុះក្នុងចំណោមបេក្ខជន ៥០នាក់ ដែលជាប់ចំណាត់ថ្នាក់ជ័យលាភីនិទានរឿងជាភាសាចិន ឆ្នាំ ២០២១ បានទៅលើនិស្សិតឈ្មោះ លឿង ហ្វង ជាប់ចំណាត់ថ្នាក់លេខ ១, ចំណាត់ថ្នាក់លេខ ២ មានពីរនាក់និស្សិតឈ្មោះ ធៀម គីមហៀក និងកុមារាឈ្មោះ ទូច បញ្ញាវុឌ្ឍ ចំណែកឯចំណាត់ថ្នាក់ជ័យលាភី លេខ ៣ មានចំនួន ៣នាក់បានទៅលើនិស្សិតឈ្មោះដួង សុភាព, ឈ្មោះ ទី គឹមល័យហាក់ និងនិស្សិតឈ្មោះ តាំង សៀវម៉ី៕

សូមទស្សនាវីដេអូ នៃកម្មវិធីប្រកួតទាំងស្រុងដូចខាងក្រោមនេះ ៖

អត្ថបទ៖ ដំបងក្រញូង

Share.