ចាត់ទុកជារឿងស៊យមួយដែរសម្រាប់តារាសម្ដែងស្រីរូបរីស្រស់សំបុរស្រអែមស្រស់សមជានារីខ្មែរកញ្ញា រឿន ណាត ដែលត្រូវបានអ្នករិះគន់បន្តតាមវាយប្រហារម្ដងហើយម្ដងទៀតពាក់ព័ន្ធនឹងឈុតដែលខ្លួនស្លៀក រហូតបង្កើតបានជាសង្គ្រាមទឹកមាត់លើបណ្ដាញសង្គមរ Facebook វាងអ្នកគាំទ្រកញ្ញា និងអ្នកមិនពេញចិត្តការស្លៀកពាក់របស់កញ្ញា។
កាលពីពេលថ្មីៗនេះកញ្ញា រឿន ណាត បានថតរូបបង្ហោះលើបណ្ដាញសង្គម ប៉ុន្តែបែរជាត្រូវក្រុមអ្នករិះគន់ចូលមកឌឺដងផ្លែផ្កាថាកញ្ញាថាបានធ្វើឱ្យខូចទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ដោយការបង្ហាញនូវរូបភាពមិនសមសួន ដែលជះឥទ្ធិពលដល់យុវវ័យជំនាន់ក្រោយ។ យ៉ាងណាមិញក៏មានក្រុមអ្នកគាំទ្រកញ្ញា រឿន ណាត បានចេញមកកាត់តរូបភាពកញ្ញា ស្លៀកឈុតបុរាណប្រពៃណីខ្មែរ មកជំនួសវិញហើយសួរត្រលប់ទៅអ្នករិះគន់ថា «មកលេងសមុទ្រ ចង់ឱ្យស្លៀកក្បិន សំពត់បត់ឬក៏យ៉ាងណាដែរ?»
ក្រោយមករឿងរ៉ាវចម្រូងចម្រាស់ឈុតដែលអតីត Miss Universe Cambodia នេះស្លៀកក៏ស្ងប់ស្ងាត់ទៅវិញ រហូតមកដល់ថ្ងៃទីអង្គារទី ២៨ ខែកញ្ញា ឆ្នាំ២០២១ ស្រាប់តែផ្ទុះចេញនូវរឿងរ៉ាវដដែលជាដដែលនេះសារជាថ្មីម្ដងទៀត ដោយលើកនេះគឺធ្វើការរិះគន់ទៅលើតារាស្រីរូបនេះចំពោះឈុតអង្កាំពណ៌មាសដែលមើលទៅប្រៀបដូចជាការបញ្ចេញសាច់ខ្ចីទាំងស្រុង។ ក្នុងនោះត្រយងដកស្រង់មួយមតិមួយមកចែករំលែកដូចខាងក្រោមនេះ៖
«សម្រេចថាយ៉ាងម៉េចឲ្យពិតប្រាកដនេះ? ចង់ឲ្យអញស្លៀកពាក់ឈុតបុរាណ1លានឈុតក៏អញស្លៀកបានដូចនាងដែរ តែអ្វីដែលសំខាន់តម្លៃនាងនោះវាគ្មាន ទោះនាងស្លៀកឈុតបុរាណរាប់រយរាប់លានឈុតក៏នៅតែអត់តម្លៃ កុំយកសំបកក្រៅជាឈុតបុរាណមកបាំងមុខតាមពិតថោកទេ របស់២មួយរយ មកបោកពួកល្ងង់ៗថា ១មួយមុឺន ទុកបោកកូនខ្មែរមួយចំនួនដែលល្ងីល្ងឺទៅ ហាសហា»
មិនខុសពីរាល់ដងហ្វេនរបស់កញ្ញា រឿន ណាត បានបន្តចេញមកការពារអាយដលសម្លាញ់របស់ខ្លួន ដោយបានលើកឡើងជាអំណះអំណាងថានោះគឺជាឈុតអាវស្បែកពណ៌សាច់តែប៉ុណ្ណោះ ខណៈអ្នកមួយចំនួនទៀតបានលើកឡើងថានេះជាសម័យអ្វីទៅហើយ សូមឱ្យមានការចិត្តឱ្យទូលាយទើបមានការអភិវឌ្ឍ ឯអ្នកខ្លះទៀតបានលើកឡើងឈុតប្រកួតលក្ខណៈអន្តរជាតិ តើឱ្យស្លៀកសារ៉ុងទៅប្រកួតមែនដែរទេ?
ត្រយងបានធ្វើការទំនាក់ទំនងទៅកាន់កញ្ញា រឿន ណាត សុំការបកស្រាយបំភ្លឺជាពិសេសគឺចំណាត់ការតាមផ្លូវច្បាប់ ដូចដែលអ្នកគាំទ្ររបស់កញ្ញាបានពន្យុះឱ្យកញ្ញាប្ដឹងទៅកាន់តុលាការ ដើម្បីឱ្យបុគ្គលមួយចំនួនមានការរាងចាលខ្លះ ប៉ុន្តែមិនមានការឆ្លើយតបពីកញ្ញានោះឡើយ៕