បាត់ដំបង៖ នគរបាលផ្នែកជំនាញបានអនុវត្តនាំខ្លួនជនបង្ករបួសស្នាម ១នាក់ទៅកាន់ការិយាល័យជំនាញ ក្រោយនាំគ្នាវាយអ្នកសារព័ត៌មានព្រោះជារឿងគំនុំ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានប្រាប់ឲ្យដឹងថា ក្រោយហេតុការណ៍ក្រុមក្មេងវាយអ្នកសារព័ត៌មាន បានកើតឡើងកម្លាំងអន្តរាគមន៍បានចុះនាំខ្លួនជនបង្ក ១នាក់ទៅសាកសួរ មកដល់ព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១នេះ នគរបាលផ្នែកជំនាញបានកំណត់ អត្តសញ្ញាណអ្នកពាក់ព័ន្ធផ្សេងទៀតអស់ទាំងស្រុងហើយ ហើយកំពុងបន្តស្រាវជ្រាវដើម្បីឃាត់ខ្លួន។

ប្រភពខាងលើបានបញ្ជាក់ដែរថា នៅព្រឹកថ្ងៃដដែលនេះកម្លាំងផ្នែកជំនាញបានបញ្ចប់ការសាកសួរ និងរៀបចំបញ្ជូនជនបង្កទៅកាន់ការិយាល័យជំនា ញបន្តទៀតដើម្បីអនុវត្តបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធីតុលាកា។

ជនសង័្សយមានឈ្មោះរឿត រ៉ាមី ភេទប្រុស អាយុ ២១ឆ្មាំមានទីលំនៅឃុំអូរ ដំបង២ ស្រុកសង្កែ ចំណែកជនរងគ្រោះឈ្មោះ ផ្លោយ ប៊ុនសឺយ ហៅ​​ វីរៈភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិ សង្កាត់កន្លែងកើតហេតុ ជាភ្នាក់ងារ សារ ព័ត៌មាន SBT Post News ប្រចាំខេត្តបាត់ដំបង។ នៅថ្ងៃកើតហេតុជនបង្ក រួមទាំងបក្សពួកជាច្រើនទៀតបាននាំគ្នាជិះម៉ូតូកៀរម៉ូតូជនរងគ្រោះហើយបានព្រួតគ្នាវាយទៅលើអ្នកសារព័ត៌មានតែម្តងដោយកំណាត់ឈើអុស។

បន្ទាប់ពីការសាកសួរជនបង្កបានសារភាពថា មូលហេតុដែលបណ្តាលឲ្យពួកគេនាំគ្នាជិះម៉ូតូតាមវាយអ្នកសារព័ត៌មាននេះ ដោយសារខឹងជនរងគ្រោះ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ ខណះពួកខ្លួនកំពុងផឹកស៊ីនៅផ្ទះមិត្តភក្តិ ក្នុងសង្កាត់វត្តគរ ជនរងគ្រោះជាអ្នកសារព័ត៌មានបានចុះទៅឡាយផ្សាយព័ត៌មាន ទើបពួកគេតាមវាយដើម្បីស្រាយគំនុំ។

ករណីប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសលើអ្នកឆ្លងឆ្លើយព័ត៌មាននេះ បានកើតឡើងនៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចក្រុមទី ០៣ ក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

អត្ថបទ៖ ដំបងក្រញូង

Share.