ប្រទាលបាតដៃ រឺ គេហៅថា ដំបងយក្ស កំពុងតែត្រូវបានមហាជនដែលនិយមលេងបណ្ដាញសង្គមចាប់អារម្មណ៍ និង​ នាំគ្នាសាកល្បងញុំា ដើម្បីភ្លក់ពីរស់ជាតិរបស់វា។

នៅតំបន់អាស៊ី ប្រទាលបាតដៃនេះមិនដែលមានអ្នកណាយកមកធ្វើជាអាហារទេ គេយកមកធ្វើជាឱសថសម្រាប់ព្យាបាលជំងឺផ្សេងៗ ប៉ុន្ដែនៅតំបន់អ៊ឺរ៉ុបបែរជាពេញនិយមបរិភោគប្រទាលបាតដៃនេះទៅវិញ។ ដំបូងឡើយដើមដំបងយក្ស ឬ ប្រទាលបាតដៃនេះ មានប្រភពនៅទ្វីបអាមេរិក ហើយបន្ដដុះរហូតមកដល់ទ្វីបអាស៊ី។

ប្រទាលបាតដៃមាន ២ប្រភេទគឺ Opuntia ficus-indica អាចបរិភោគបាន និង មួយប្រភេទទៀត Opuntia cochenillifera មិនរាប់ថាជាប្រភេទរុក្ខជាតិហូបផ្លែទេ។

_ Opuntia ficus-indica ដែលជារុក្ខជាតិហូបផ្លែ នាំចេញយ៉ាងសំខាន់របស់ប្រទេសម៉ិកស៊ិក និង ប្រទេសឈីលី ដោយមានលក្ខណៈពិសេសអាចបរិភោគបានទាំងផ្លែ រហូតដល់ស្លឹក។ ផ្លែរបស់វាមានរស់ជាតិស្រដៀងនឹងផ្លែស្រកានាគ ដែលមានទាំងរស់ជាតិជូរ និង​ ផ្អែម។ មានដើមកម្ពស់ខ្ពស់រហូតដល់ ៥ម៉ែត្រ មានសន្លឹកធំ ប្រវែងពី ៣០ ទៅ ៤០សង់ទីម៉ែត្រ មានទំហំពី១៨ទៅ ២៥សង់ទីម៉ែត្រ មានផ្ការីក ៣ពណ៌ ស លឿង ក្រហម ឯផ្លែមានទំហំដូចផ្កាដែរ ហើយមានប្រវែងរហូតដល់ ១០សង់ទីម៉ែត្រ និង មានទំហំ ៩សង់ទីម៉ែត្រ។ ទាំងសន្លឹក និង ផ្លែ សុទ្ធសឹងតែអាចបរិភោគបាន។

_ Opuntia cochenillifera ដែលមានរូបរាងដូចគ្នាបេះបិត ប៉ុន្ដែមិនអាចបរិភោគបាននោះទេ វាត្រូវបានគេយកមកធ្វើជាថ្នាំ ឬ យកមកចិញ្ចឹមសត្វល្អិតជាដើម ដោយសារតែកម្រិតរស់ជាតិ និង ជាតិពុលនៅក្នុងផ្លែនេះ។ មានដើមកម្ពស់រហូតពី ៣ ទៅ ៤ម៉ែត្រ មានសន្លឹកទំហំ ២០សង់ទីម៉ែត្រ ផ្កាមិនរីកទេតែមានកញ្ចុំកេសរលូតមកក្រៅ ផ្លែមានប្រវែងពី ៣ ទៅ ៥សង់ទីម៉ែត្រ មិននិយមយកមកបរិភោគ ផ្លែខ្ចីអាចយកស្ងោរធ្វើជាអន្លកបាន ប៉ុន្ដែភាគច្រើនធ្វើជាឱសថ។

យ៉ាងណាម៉ិញក៏មិនទាន់មានការស្រាវជ្រាវជាក់លាក់ណាមួយថាប្រទាលបាតដៃ ឬ ដើមដំបងយក្សនេះអាចបរិភោគដោយមានសុវត្ថិភាព ឬ ក៏អត់នោះទេ។ ហេតុដូចនេះមុននឹងបរិភោគប្រទាលបាតដៃនេះ ត្រូវគិតឲ្យច្បាស់ថា ប្រទាលណាអាចញុំាបាន ប្រទាលណាញុំាមិនបាន។

ប្រភព៖ បុរាណាចារ្យ និង អត្ថបទស្រាវជ្រាវ

Telegram-Troryorng
Share.