ម៉ូតូកែច្នៃ១១ គ្រឿងត្រូវសមត្ថកិច្ចខណ្ឌដូនពេញចុះចាប់ឃាត់ទុក បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បឹងកក់ដែលកំពុងហាត់ប្រាណ និងអ្នកដំណើរតាមដងផ្លូវ។

ម៉ូតូដែលសមត្ថកិច្ចចុះចាប់ទាំងនេះ មានការកែច្នៃខុសលក្ខណៈបច្ចេកទេសទ្រង់ទ្រាយដើមដូចជា កែច្នៃបូម បំពង់ស៊ីម៉ាំងដាក់លាន់ឮកងរំពង រំខានដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ។ ម៉ូតូដែលចាប់បានទាំង ១១ គ្រឿងត្រូវសមត្ថកិច្ចនាំយកទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ ម៉ូតូដែលសមត្ថកិច្ចចាប់បានទាំង ១១ គ្រឿងគឺមានម៉ូតូធុនធំ ៨ គ្រឿង ម៉ូតូវីវ៉ាមួយគ្រឿង ម៉ូតូឣឹមឣេសឣ៊ិចមួយគ្រឿងនិងម៉ូតូស្មាសរីវ៉ូចំនួន ១ គ្រឿង។

ប្រតិបត្តិការចុះចាប់ម៉ូតូធ្វើឡើងនៅថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ២០២១ នៅក្នុងតំបន់បឹងកក់ ស្ថិតនៅសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចដែលបានចូលរួមក្នុងប្រតិបត្តិការចុះចាប់ម៉ូតូកែច្នៃ បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចបានចាប់ឃាត់ទុកម៉ូតូកែច្នៃទាំង១១ គ្រឿងនៅអធិការដ្ឋានគរបាលខណ្ឌដូនពេញ សមត្ថកិច្ចនឹង ធ្វើការផាកពិន័យនិងអប់រំណែនាំដល់ម្ចាស់ម៉ូតូឱ្យយកម៉ូតូទៅធ្វើឱ្យដូចទ្រង់ទ្រាយដើមវិញ កុំឲ្យមានការកែច្នៃខុសលក្ខណៈបច្ចេកទេសបែបនេះទៀត។

សមត្ថកិច្ចក៏បានផ្ដាំផ្ញើដល់អ្នកដែលបានកែច្នៃម៉ូតូទាំង ១១ គ្រឿងក៏ដូចឣ្នកដែលកំពុងជិះម៉ូតូ  កែច្នៃចូលរួមគោរពច្បាប់ចរាចរណ៍ កុំកែច្នៃដាក់បំពង់ស៊ីម៉ាំងឡានឮកងរំពងរំខានដល់អ្នកដំណើរក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ៕

Share.