ទីបំផុត​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល FIFA Futsal World Cup កំពុង​តែ​រៀបចំ​នៅ​ប្រទេស​លីទុយអានី ក្នុង​ទ្វីប​អឺរ៉ុប បាន​រក​ឃើញ​ក្រុម​ខ្លាំង​ជាង​គេ​ចំនួន២ក្រុម​ គឺ​​ក្រុម​ជើង​ឯក​ទ្វីប​អឺរ៉ុប​ព័រទុយហ្គាល់ មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម​អាហ្សង់ទីន ដែល​ជា​ក្រុម​ជើង​ឯក​ប្រចាំ​ទ្វីប​អាមេរិកខាងត្បូង។

លទ្ធផល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ៖
២៩ កញ្ញា ២០២១៖ ប្រេស៊ីល ១-២ អាហ្សង់ទីន
៣០ កញ្ញា ២០២១៖ ព័រទុយហ្គាល់ ២-២ (៤-៣) កាហ្សាក់ស្ថាន

តាម​គម្រោង​ការ​ប្រកួត​ចុងក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៣ តុលា ឆ្នាំ​២០២១ ដូចគ្នា​នៅ​​កីឡដ្ឋាន Žalgiris Arena ក្នុង​ទីក្រុង​Kaunasដោយ​ក្នុង​នោះ៖
ជើង​ឯក៖​អាហ្សង់ទីន ប៉ះ ព័រទុយហ្គាល់
លេខ៣៖ ប្រេស៊ីល ប៉ះ កាហ្សាក់ស្ថាន

ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ដល់​៣ ខែ​តុលា ឆ្នាំ​២០២១ ដោយ​មាន​ប្រទេស​​២៤​ចូលរួម​មក​ពី​តាម​ទ្វីប​នីមួយៗ។ កីឡាករ Ferrão របស់​ប្រេស៊ីល រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​គឺ​៨គ្រាប់​ម្នាក់​ឯង។

គិត​ត្រឹម​ពេល​នេះ​ពានរង្វាន់ FIFA Futsal World Cup បង្កើត​ឡើង​បាន​​៩លើក​ហើយ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩ មក​ដោយ​រៀបចំ​រាល់​៤ឆ្នាំ​ម្តង ខណៈ​ក្រុម​ប្រេស៊ីល ឈ្នះ​ជើង​ក​បាន​៥​ដង អេស្ប៉ាញ ឈ្នះ​២ដង និង​អាហ្សង់ទីន ឈ្នះ​១ដង និង​ការ​ឈ្នះ​ចុងក្រោយ​ដែល​រៀបចំ​នៅ​ឆ្នាំ​២០១៦ ក្នុង​ប្រទេស​កូឡុំប៊ី។

ចំណែក​​​ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើស​ជាតិ​​៥​ប្រទេស តំណាង​ឱ្យ​ទ្វីប​អាស៊ី ដូច​ជា​ ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន ថៃ និង​វៀតណាម បាន​ធ្លាក់​ចេញ​អស់​ហើយ៕

Telegram-Troryorng
Share.