តារា​ឯក​ស្រី​ដ៏​ល្បី​ឈ្មោះ​ពី​ភាពយន្ត​ភាគ​សម័យ​បែប​យុវវ័យ​ LOVE O2O ដែល​ធ្លាប់​លេច​ចេញ​រឿង​អាស្រូវ​​រឿង​​ឱ្យ​អ្នក​ពពោះ​រំលូត​កូនចោល ​ក្រោយ​ឈ្លោះ​បែកបាក់​ជាមួយ​នឹង​គូ​ស្នេហ៍ ​ពេល​នេះ​អាច​នឹង​មាន​វាសនា ​ដូច​ជា​តារា​រៀម​ច្បង​ Fan Bingbing ប៉ុន្តែ​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​ទៀត​ផង​ក៏​ថា​បាន​។

យោង​តាម​សារ​ព័ត៌មាន​ Shin Hua បាន​រាយការណ៍ថា​នាយកដ្ឋាន​ពន្ធដារ​ក្រុង​សៀងហៃ​និង​នាយកដ្ឋាន​វិទ្យុនិង​ទូរទស្សន៍​ប៉េកាំង​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ Zheng Shuang គេច​មិន​បង់​ពន្ធ​ចូលរដ្ឋ​និង​ករណី​ទាមទារ​ថ្លៃ​សម្ដែង​ខ្ពស់​ពពក​ ដែល​អាច​មាន​ទម្ងន់​ទោស​ស្មើ​នឹង​បទ​ឆបោក​។

Zheng Shuang និងអតីតមិត្តប្រុស Zhang Heng

ចំណែក​សារព័ត៌មាន​ South China Morning Post ក៏​បាន​ចេញ​ផ្សាយ​ដែរ​ថា​ Zheng Shaung រងគ្រោះ​ធំ​លើក​នេះ​គឺ​ដោយ​សារ​តែ​អតីត​សង្សារ​ជា​អតីត​ Producer ឈ្មោះ​ Zhang Heng បានបន្ត​ចេញ​មក​បក​អាក្រាត​រឿង​ដែល​តួ​ឯក​ស្រី​ដ៏​ល្បី​រូប​នេះ​បាន​ទាមទារ​ថ្លៃ​ថត​រឿង​ភាគ​​បុរាណ​ចិន​ A Chinese Ghost Story ដោយ​តម្លៃ​ ១៦០លាន​យ័ន្ត​ ប្រមាណ​ជិត ​២៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​ការ​ថត​រយៈ​ពេល​៧៧​ថ្ងៃ ​ដោយ​តម្លៃ​ខ្លួន​មួយ​ថ្ងៃ​ៗ​ស្មើ​ ជាង​២លាន​យ័ន្ត​ ឬ​ ៣០​ម៉ឺន​ដុល្លារ​។ ចំពោះ​ករណី​របស់តួ​ឯក​ស្រី​រូប​ស្រស់​ម្នាក់​នេះ​ ​ធ្ងន់ធ្ងរ​ជាង​ Fan Bingbing ​ព្រោះ​អាចត្រូវ​ពិន័យ​ជាទឹក​ប្រាក់​យ៉ាង​ច្រើន​មហាសាល​ហើយ​​ឈាន​ទៅ​​ដល់​ជាប់​ពន្ធនាគារ​​ទៀត​ផង​។​​​​​​​

Yang Yang និង Zhang Shuang (LOVE O2O)

Zheng Shuang ត្រូវ​អតីត​មិត្ត​ប្រុស​ បកអាក្រាត​រឿង​ដែល​នាង​បញ្ជា​ឱ្យ​អ្នក​ពពោះ​ទម្លាក់​កូន​ដែល​មាន​អាយុ​៧​ខែ​នៅ​ក្នុង​ផ្ទៃ​ចោល​ក្រោយ​បែកបាក់​គ្នា​ជាមួយ​នឹង​អតីត​សង្សារ​ធ្វើឱ្យតារាស្រីរូបនេះ រងនូវររិះគន់យ៉ាងខ្លាំងពីមហាជន​ រហូត​របូត​តំណែង​ Brand Ambassador ដែល​ទើប​តែ​តែងតាំង​បានត្រឹម ​៩​ថ្ងៃ​ ពោល​គឺ​ថ្ងៃ​ទី​ ១១ ខែ​មករា ​ឆ្នាំ​២០២១ លើស​ពី​នេះ​ទៀត​រដ្ឋាភិបាល​ប្រទេសចិន​ បាន​ចេញ​ប្រកាស​ហាម​មាន​រូប​តារា​ស្រី​រូប​នេះ​ផ្សព្វផ្សាយ​គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ចិន​។

បន្ទាប់​ពី​ដក​ខ្លួន​ចេញ​ពី​សិល្បៈ​រឿង​រ៉ាវ​របស់​នាង​បាន​ស្ងប់​ស្ងាត់មួយ​រយៈ​លុះ​មានករណី​អតីត​សង្សារ​ចេញ​មក​បក​អាក្រាត​រឿង​ទារ​ថ្លៃ​ខ្លួន​កប់​ពពក​ ហើយ​កំពុង​ត្រូវ​បាន​អាជ្ញាធរ​តាមដាន ​និង ​ស៊ើប​អង្កេត​រឿង​គេច​ពន្ធ​ធ្វើ​ឱ្យ​ឈ្មោះ​របស់​តារា​ស្រី​រូប​នេះ​ត្រលប់​មក​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​ម្ដង​ទៀត​​ថែម​ទាំង​លើក​នេះ​អាច​នឹង​ត្រូវ​មានទោស​តាម​ផ្លូវ​ច្បាប់​ថែម​ទៀត​ផង​។​

Zheng Shuang ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​មាន​ប្រជាប្រិយភាព​ខ្លាំង​បន្ទាប់​ពី​បាន​បង្ហាញ​វត្តមាន​សម្ដែង​rរឿង​ភាគ​មនោសញ្ចេតនា​យុវវ័យ​ «​Love O2O»​ ​និង​រឿង​ភាគ​ពាក់​កណ្ដាល​សម័យ​ «The Cage of Love» ជា​ដើម៕

Share.