ភ្នំពេញ÷ តាមប្រភពពីកន្លែងកើតហេតុបានឣោយដឹងថារថយន្តកុងតឺន័រសណ្ដោងរម៉កមួយគ្រឿងក្បាលពណ៌ក្រហមមិនស្គាល់ម៉ាកពាក់ស្លាកលេខភ្នំពេញ3E-4177 កន្ទុយពាក់ស្លាកលេខភ្នំពេញ4A-7811បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងតាមបណ្ដោយផ្លូវលេខ371 លុះមកដល់ស្តុបបឹងទំពុន ក៏បានបត់ស្ដាំឡើងផ្លូវ271តែបត់មិនប្រយ័ត្នក៏បានប៉ះពាក់កណ្ដាលឡានជាមួយនឹងរថយន្តព្រូសពណ៌សពាក់ស្លាកលេខភ្នំពេញ2BF-4732 បើកបរដោយនារីម្នាក់ស្របទិសគ្នាហើយបានបត់ស្ដាំដូចគ្នាបណ្ដាលឱ្យបែកស្តុបមួយចំហៀងនិងក្រពិតកាងក្រោយរួញចូលក្នុង។ 

ករណីគ្រោះថ្នាក់ចរាចរណ៍នេះពុំបណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរជាមួយតាមដងផ្លូវណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវលេខ371កែងជាមួយនឹងផ្លូវលេខ271នេះកើតឡើងនៅវេលាម៉ោង១០:២០នាទីយប់ថ្ងៃទី2ខែតុលាឆ្នាំ2021ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការសម្របសម្រួលឲ្យភាគីទាំងពីរ។ ដោយភាគីទាំងពីរបានចរចាដោះស្រាយគ្នានៅនិងកន្លែងកើតហេតុដោយភាគីឡានកុងតឺណឺរសុខចិត្តចេញ ថ្លៃជួសជុលរថយន្ត prius ដើម្បីបញ្ចប់រឿងកុំឱ្យវែងឆ្ងាយ។

សូមជំរាបថាផ្លូវលេខ៣៧១នេះតែងតែមានរថយន្ដធុនធំបើកបរជារៀងរាល់ថ្ងៃបង្ករការកកស្ទះ ចរាចរណ៍។ សមត្ថកិច្ចក៏បានអំពាវនាវដល់អ្នកបើកបរតាមដងផ្លូវនេះមេត្តាគោរពច្បាប់ចរាចរណ៍និងបើកបរដោយប្រុងប្រយ័ត្នជៀសវាង មានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុដូចករណីនេះ៕

Share.