បន្ទាយមានជ័យ៖ កម្លាំងយោធាកងការពារព្រំដែនលេខ503 សហការជាមួយកងពលតូចថ្មើរជើងលេខ51 និងនគរបាលព្រំដែនគោកលេខ 911 ដើរល្បាតពួនស្ទាក់ ឃាត់ខ្លួនពលករប្រុស ស្រីបានចំនួន 22នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅថ្ងៃទី03 ខែតុលា ឆ្នាំ2021​ ដែល 03 ក្នុងគោលដៅផ្សេងគ្នា នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចយោធាកងការពារព្រំដែនគោកលេខ503 បានប្រាប់ថា ពលករខ្មែរទាំង22នាក់ ស្រី09នាក់ ខាងលើនេះ ត្រូវបានកម្លាំងកងអនុសេនាធំទី3 ចំណុះអោយបញ្ជាការដ្ឋានកងការពារព្រំដែនលេខ503 សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោកលេខ911 ឃាត់បានជាបន្តបន្ទាប់ នៅទីតាំងបីផ្សេងគ្នា ក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខណៈដែលពលករទាំងនេះ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ តែត្រូវកងកម្លាំងពួនស្ទាក់ចាប់បាន។

សមត្ថកិច្ចដដែលបានបន្តថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ503 ពង្រឹងការល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ 24ម៉ោងលើ24ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់និងការឆ្លងរាលដាល នៃជំងឺកូវីដ-19 មិនឲ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានអប់រំណែនាំពលករទាំងនោះ កុំឲ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិ បន្ទាប់មកពលករទាំងនោះ ត្រូវបានប្រគល់ទៅក្រុមការងារចម្រុះអូរបីជាន់ យកទៅធ្វើចត្តាឡីស័កបន្ត៕

អត្ថបទ៖ប៉ោយប៉ែត

Share.