បន្ទាយមានជ័យ៖ ពីរនាក់ឳពុកនិងកូនទៅនេសាទត្រី ដោយជិះទូកម៉ាស៊ីន (ស្មាច់) ដោះមោងដល់មុខទឹកហូរខ្លាំងបោកក្រឡប់ទូក ស្លាប់ឪពុកលិចចូលទឹកជម្រៅជាង20ម៉ែត្រ សមត្ថកិច្ចចុះរាវរកជាង30ម៉ោង ទើបឃើញនៅល្ងាចថ្ងៃទី03 ខែតុលា ឆ្នាំ2021 នៅចំណុចអាងអូរខៃដន ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហើយកូនត្រូវបានហែលដល់គោក រួចផុតពីគ្រោះថ្នាក់។

ជនរងគ្រោះឈ្មោះ ស៊ុន សាវុធ អាយុ43ឆ្នាំ មុខកសិករ និងរកត្រីលក់ រស់នៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមសំដីកូនប្រុស ឈ្មោះ វ៉ាន់ ធារ៉ា អាយុ13 ឆ្នាំ ដែលរួមដំណើរជិះទូកម៉ាស៊ីនជាមួយបានឲ្យដឹងថា កាលពីម៉ោង5.00នាទីព្រឹកថ្ងៃទី02 ខែតុលា ខ្លួននិងឳពុក បានជិះទូកម៉ាស៊ីន(ស្មាច់) ជិះដើរដោះមោងរកត្រីដូចសព្វមួយដង តែនៅពេលកើតហេតុ ទូកបានជិះជ្រុលទៅមុខទឹកហូរខ្លាំង ក៏បោកក្រឡាប់ ខ្លួនបានហែលមករកគោករួចផុតពីគ្រោះថ្នាក់ តែឪពុកគាត់ឃើញទូកលិច ខ្លាចបាត់បង់ទូក បានចុះទៅទាញទូកកំពុងបញ្ឆេះម៉ាស៊ីន ទំនងប្រហែលជាបោកត្រូវនឹងទូក ទើបលិចបាត់ខ្លួនតែម្តង។

ក្រោយពីទទួលបានព័ត៌មានកម្លាំងយោធាកងពលតូចលេខ51 សហការជាមួយកម្លាំងយោធាផ្នែកសឹងរងក្រុងប៉ោយប៉ែតចុះរាវរក តែដោយសារទឹកមានជម្រៅជាង20ម៉ែត្រ រាវរករហូតដល់ជាង 30ម៉ោងទើបរកឃើញ រួចបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ប៉ោយប៉ែត

Share.