បន្ទាយមានជ័យ៖ អាវុធហត្ថសម្រេចបញ្ជូនខ្លួនមេខ្យល់02នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីនាំមនុស្សលួចឆ្លងដែន06នាក់ ក្នុងតម្លៃម្នាក់5,000បាត ដោយខុសច្បាប់ ទៅកាន់ប្រទេសថៃ។

ជនសង្ស័យជាម្ចាស់រថយន្តដឹកពលករនោះឈ្មោះ វ៉ែន វឿន ភេទប្រុស អាយុ56 ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកឈ្មោះ យ៉ុង វីរ: ភេទប្រុស អាយុ35ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទាំង02នាក់ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេបានសហការគ្នាដើម្បីដឹកពលករឆ្លង ដែនទៅប្រទេសថៃដោយខុសច្បាប់ពិតប្រាកដមែន។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងកងការពារព្រំដែនលេខ503 យោធភូមិទី5 ចាប់បញ្ជូនមកកាន់ទីបញ្ជាការ កងរាជអាវុហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្ត បន្ទាប់ពីពួកគេបានធ្វើសកម្មភាព នាំមនុស្ស06នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ នៅវេលាម៉ោង 13.30នាទី ថ្ងៃទី01 ខែតុលា ឆ្នាំ2021 ដោយយកលុយក្នុងម្នាក់5,000បាត ដោយប្រើប្រាស់រថយន្តមួយគ្រឿង ម៉ាក់លុចស្ស៊ីស RX300 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ប.មានជ័យ 2B-1911 រួចឃាត់ខ្លួនតាមបន្ទាត់ព្រំដែន នៅក្នុងភូមិសាស្ត្រ ភូមិផ្លូវបំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង02នាក់ និងវត្ថុតាងរថយន្ត1គ្រឿង ត្រូវកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចំណែកពលករទាំង06នាក់ ត្រូវយកមកអប់រំរួចអនុញ្ញាតឲ្យវិលត្រលប់ទៅផ្ទះវិញ៕

អត្ថបទ៖ ប៊ុនថន

Share.