ភ្នំពេញ÷ បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់បើករថយន្តកាមរីពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AG-3812ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្ដោយផ្លូវជាតិលេខ6A លុះមកដល់ជិតវត្តកៀនឃ្លាំងមានប្រឡោះសម្រាប់អ្នកធ្វើដំណើរបត់ឆ្លងផ្លូវក៏បានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបែកអស់មួយដុំបណ្ដាលឲ្យរថយន្តដាច់ក្រឡេបែកកង់ទៅមុខលែងរួច។ ក្រោយពីកើតហេតុបុរសអ្នកបើកបររថយន្តបានគេចខ្លួនបាត់ដោយបន្សល់តែរថយន្តនៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានអ្នករបួសនោះទេ។

 ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅ តាមបណ្ដោយផ្លូវជាតិលេខ6Aវេលាម៉ោង11:25នាទីយប់ថ្ងៃទី5ខែតុលាឆ្នាំ2021។ស្ថិតក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនការិយាល័យគរបាលចរាចរណ៍ជើងគោកក្រុងភ្នំពេញបានចុះមកដល់កន្លែងកើតហេតុធ្វើការស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកក្រុងភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

Share.