ភ្នំពេញ៖ អ្នកបើកបរជនជាតិចិនម្នាក់បានបើករថយន្ដក្នុងល្បឿនលឿន លុះដល់ស្ដុបចេនឡា ក៏បានឆ្លងស្ដុបហើយបានរេចង្កូត ទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់២ផ្ទាំង ហើយរថយន្ដក្រឡាប់ផ្ងារជើង។

បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញបុរសជាជនជាតិចិនម្នាក់ បានបើករថយន្តលុចស៊ីសRX300 ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2AM-0237 ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវព្រះមុនីរ៉េត លុះមកដល់ស្តុបចេនឡា ក៏បានឆ្លងស្តុបហើយបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឣោយបាក់អស់2ផ្ទាំងរាបដល់ដីហើយរថយន្តក្រឡាប់ផ្ងារជើងទាំងបួនទ្រមេឃទាំងកណ្ដាលរាត្រីចំណែកឯរថយន្តរងការខូចខាតយ៉ាងដំណំ។ ក្រោយពីកើតហេតុអ្នកបើកបររថយន្តរងរបួសស្រាល ហើយព្យាយាមវាយកញ្ចក់រថយន្តដើម្បីលូនចេញ នៅពេលដែលចេញរួចពីរថយន្តហើយអ្នកបើកបរបានគេចខ្លួនបាត់ស្រមោលតែម្ដងដោយបន្សល់តែរថយន្តក្រឡាប់បាក់ជើងទ្រមេឃនៅកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ផ្ងារជើង បង្ករឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង12:45នាទីយប់ថ្ងៃទី25ខែតុលាឆ្នាំ2021 ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

ក្រោយពីកើតហេតុសមត្ថកិច្ចការិយាល័យនគរបាលចរាចរណ៍ជើងគោកក្រុងភ្នំពេញបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកក្រុងភ្នំពេញដើម្បីរង់ចាំម្ចាស់មកធ្វើការដោះស្រាយនៅពេលក្រោយ៕

Share.