Ali Abdul គឺ​ជា​តួ​អង្គ​បុរស​ស្មោះ​ត្រង់​និង​មាន​ចិត្ត​បរិសុទ្ធ​គួរ​ឱ្យ​គោរពស្រលាញ់​ដូច្នេះ​ហើយ​ មិន​បាក់​នោះ​ទេ​ដែល​តួ​អង្គ​មួយ​នេះ​អាច​ឆក់​យក​បេះដូង​អ្នក​ទស្សនា​ឱ្យ​ស្រលាញ់​ចូល​ចិត្ត​រូប​គេ​។ សម្រាប់​​តួអង្គ​​​បុរស​ប៉ាគីស្ថាន​នៅ​ក្នុង​ស៊េរី​ «Squid Game» ដ៏​ល្បី​ល្បាញ​រូប​នេះ​តាម​ពិត​គឺជា​ជន​ជាតិ​ឥណ្ឌា​ ហើយ​មាន​ឈ្មោះ​ពិត​ថា​ Anupam Tripathi។ តើ​បុរស​ឥណ្ឌា​រូប​នេះ​ជា​អ្នក​ណា​ ចម្ងល់​នេះ​ត្រយង​នឹង​បង្ហាញ​ជូន​ដូច​ខាង​ក្រោម​៖​

ស៊េរី​ «Squid Game» មិន​ត្រឹម​តែ​ល្បីល្បាញ​​និង​ទទួល​បាន​ការ​ពេញ​និយម​ច្រើន​នៅ​លើ​អ៊ិន​ធឺណិត​នោះ​ទេ​ សូម្បី​តែ​នៅ​ប្រទេស​​ឥណ្ឌា​ដែល​ជា​ផ្ទះ​កំណើត​របស់​តួ​អង្គ​ Ali Abdul (អាលី អាប់ឌុល) ក៏​និយម​គាំទ្រ​និង​ទស្សនា​រឿង​នេះ​យ៉ាង​ខ្លាំង​ដូច​គ្នា​ដែរ​ ព្រោះ​មាន​តួ​អង្គ​ជនជាតិ​ឥណ្ឌា​សម្ដែង​ក្នុង​រឿង​នេះ​។

សូម​ចុច​អាន​ Netflix សម្រេច​ចិត្ត​លុប​លេខ​​ចោល​ព្រោះ​​មាន​​មនុស្ស​រាប់ពាន់​​នាក់​​ព្យាយាម​តេរក​ Gong Yoo

Anupam Tripathi ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​ព្រោះ​តែ​សមត្ថភាព​សម្ដែង​របស់​លោក​នៅ​ក្នុង​សាច់​រឿង​ដែល​សម្ដែង​ជា​តួអង្គ​ Ali ពលករ​ប៉ាគីស្ថាន​ដែល​ចំណាក់​ស្រុក​មក​កាន់​ប្រទេស​កូរ៉េ​ដើម្បី​រក​ប្រាក់​។ តារា​សម្ដែង​វ័យ​៣២​ឆ្នាំ​រូប​នេះ​បាន​ផ្លាស់​មក​កាន់​ប្រទេស​កូរ៉េ​កាល​ពី​ឆ្នាំ​២០១០ ហើយ​លោក​បាន​ចូលរួម​សម្ដែង​ក្នុង​រឿង​ភាគ​របស់​កូរ៉េ​ជា​ច្រើន​ ក្នុង​នោះ​ក៏​មាន​ភាពយន្ត​ខ្នាតធំ​ផង​ដែរ​។

បុរស​ដែល​មាន​ដើម​កំណើត​ឥណ្ឌា​រូប​នេះ​ទទួល​បាន​អាហារូបករណ៍​សិក្សា​ពី​សកលវិទ្យាល័យ​វិចិត្រសិល្បៈ​កូរ៉េ​ (KARTs) មុន​លោក​ផ្ទុះ​ប្រជាប្រិយភាព​សម្ដែង​ក្នុង​រឿង​ «Squid Game»។ តាម​ពិត​មុន​នឹង​សម្ដែង​​ជា​តួអង្គ​ អាលី លោក​ធ្លាប់​សម្ដែង​រឿង​ជា​ច្រើន​ក្នុង​ឋានៈ​ជា​តារា​សម្ដែង​កិត្តិយស​ដូច​ជា​ភាពយន្ត​ «Ode to My Father»។

Anupam Tripathi បាន​បង្ហាញ​សេចក្ដី​ដឹង​គោព​ចំពោះ​ប្រជាប្រិយភាព​ដ៏​មហាសាល​ដែល​ខ្លួន​បាន​ទទួល​ក្រោយ​មាន​ឱកាស​សម្ដែង​ក្នុង​រឿង​នេះ​តាម​រយៈ​បណ្ដាញ​សង្គម​ថា​៖ «ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​កំពុង​តែ​សុបិន​។ ខ្ញុំ​រក​អ្វី​មក​ជំនួស​ឱ្យ​ការដឹង​គុណ​របស់​ខ្ញុំ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​​ទូទាំង​ពិភពលោក​ ដែល​ស្រលាញ់​និង​ជូនពរ​ចំពោះ​តួអង្គ​ Ali និង​រឿង​ Squid Game។ សូម​អរគុណ​ដែល​បន្ត​តាមដាន​ទស្សនា​និង​បន្ត​ជូនពរ​ចំពោះ​រឿង​នេះ​»។

សូម​ចុចអាន​ ​​អ្នក​ដឹកនាំ ​​«Squid Game» ​រង់​ចាំ​អស់​​១០​ឆ្នាំ​ទើប​​​​មាន​អ្នក​ព្រម​បោះ​ទុន​និង​​ព្រម​សម្ដែង!​

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ Anupam Tripathi បាន​បង្ហើប​ឱ្យដឹង​ថា​ឪពុក​ខ្លួន​មក​ពីគ្រួសារ​ដែល​មាន​ឋានៈ​មធ្យម​ ហើយ​ជឿជាក់​ថា​លោក​ត្រូវ​តែ​សិក្សា​ ហើយ​ស្វែង​រក​ការងារ​ដើម្បី​អាច​រក​ប្រាក់​បាន​។ កាល​ពី​ឆ្នាំ​២០១៧ Anupam បាន​បាត់​បង់​ឪពុក​របស់​ខ្លួន​ ប៉ុន្តែ​ជាមួយ​នឹង​ភាពជោគជ័យ​និង​ល្បីល្បាញ​នៃ​រឿង​ «Squid Game» ម្ដាយ​និង​បងប្អូន​លោក​កំពុង​តែ​មាន​មោទកភាព​ចំពោះ​រូប​លោក​។

Ali Abdul គឺជា​តួអង្គ​មួយ​ដែល​ទទួល​បាន​ការ​ស្រលាញ់​និង​ចូលចិត្ត​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា​ ដែល​បង្ហាញ​ឱ្យ​ឃើញ​ថាពិភពលោក​​នេះ​នៅមាន​មនុស្ស​ល្អ​ ព្រោះ​នៅ​ត្រង់​ភាគ​ទីមួយ​ Ali គឺ​ជា​មនុស្ស​ម្នាក់​ដែល​ជួយ​ជីវិត​តួឯក​ប្រុស​ឱ្យ​គេច​ផុត​ពី​សេចក្ដី​ស្លាប់​ខណៈ​កំពុង​តេ​លេង​ហ្គេម​ ប៉ុន្តែ​​គួរ​ឱ្យ​ស្ដាយ​ដែល​តួអង្គ​របស់​ Ali បែរ​ជា​មិន​អាច​មាន​ចុង​បញ្ចប់​មួយ​ដ៏​ស្រស់​ស្អាត​តាម​ការ​ចង់​បាន​របស់​អ្នក​ដែល​ស្រលាញ់​តួអង្គ​នេះ​ទៅវិញ​៕

Telegram-Troryorng
Share.