នៅ​ក្នុង​​ស៊េរី​កូរ៉េ​រឿង​ «Squid Game» មាន​ឈុត​មួយ​ដែល​តារា​សម្ដែង​ដ៏​ល្បីល្បាញ​ Gong Yoo បាន​បង្ហាញ​វត្តមាន​សម្ដែង​ជា​កិត្តិយស​ក្នុង​ឋានៈ​ជា​ Sale Man ដែល​ Delivery Card ឱ្យ​ទៅ​តួ​ឯក​ប្រុស​ Seong Gi Hun ដោយ​កាត​នោះ​មួយ​ចំហៀង​មាន​សញ្ញា​ រង្វង់មូល​ ត្រី​កោណ​និង​ការ៉េ ចំណែក​មួយ​ចំហៀង​ទៀត​ជា​លេខ​ទូរស័ព្ទ​។ នេះ​គឺជា​ដើម​ចម​ដែល​បង្ក​ឱ្យ​ម្ចាស់​លេខ​ទូរស័ព្ទ​ពិត​ផ្ទុះ​កំហឹង​ព្រម​ទាំង​គំរាម​ប្ដឹង​ទៅ​កាន់​ Netflix ព្រោះ​តែ​មាន​អ្នក​យល់​ច្រឡំ​ហើយ​ព្យាយាម​តេ​ទៅ​កាន់​លេខ​របស់​ខ្លួន​ព្រោះ​គិត​ថា​ជា​លេខ​របស់​ Gong Yoo។

ក្រោយ​ស៊េរី​កូរ៉េ​ដ៏​ល្បីល្បាញ​នេះ​បាន​បញ្ចាំង​រួច​ ម្ចាស់​លេខពិត​បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន​ Koreaboo ថា​ខ្លួន​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​និង​ចំនួន​ Message ២៤​ម៉ោង​លើ​២៤ម៉ោង​ជា​រៀងរាល់​ថ្ងៃ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​។ «លេខ​ទូរស័ព្ទ​នេះ​ជា​លេខ​ដែល​ខ្ញុំ​បាន​ប្រើប្រាស់​អស់​ជាង​១០​ឆ្នាំ​មកហើយ​ ដូច្នេះ​ខ្ញុំ​ពិត​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ មាន​លេខ​​ច្រើន​ជាង​៤​ពាន់​លេខ​ដែល​ខ្ញុំ​ត្រូវ​លុបចេញ​ពី​ក្នុង​ទូរស័ព្ទ​របស់​ខ្ញុំ​ព្រោះ​តែ​មាន​មនុស្ស​ជា​ច្រើន​ព្យាយាម​ទំនាក់ទំនង​មក​កាន់​ខ្ញុំ​មិន​ខ្វល់​ថាជាពេល​យប់​ឬ​ពេល​ថ្ងៃ​ ព្រោះ​តែ​អ្នក​ទាំង​នោះ​មាន​ចម្ងល់​ ដោយ​មិនខ្វល់ខ្វាយ​ទេ​ថា ​ទូរស័ព្ទ​ខ្ញុំត្រូវ​អស់​ថ្ម​ហើយ​រលត់​ឈឹង​តែម្ដង​»។

ក្រោយ​មាន​បញ្ហា​បែបនេះ​កើត​ឡើង​ Netflix បាន​សម្រេច​ចិត្ត​លុប​ (Blur) លេខ​ដែល​មាន​នៅ​​ក្នុង​ស៊េរី​រឿង​ «Squid Game» ដែល​មាន​បង្ហាញ​នៅ​ក្នុង​ភាគ​ដំបូង​ចេញ​វិញ​ ដើម្បី​ឆ្លើយតប​ទៅ​នឹងបញ្ហា​ដែល​កើត​ឡើង​នេះ។

ស៊េរី​ដែល​មាន​ចំនួន​៩​ភាគ​នេះ​និយាយ​ពី​មនុស្ស​ដែល​ជំពាក់​បំណុល​ម្នាក់​ៗ​បាន​យក​ជីវិត​ទៅ​ប្រថុយ​លេង​ល្បែង​កូន​ក្មេង​ ដោយ​សង្ឃឹម​យក​ឈ្នះ​ទឹក​ប្រាក់​៤៥,៦​ពាន់​លាន​វ៉ុន​ បាន​ក្លាយ​ជា​រឿង​ដែល​ល្បីល្បាញ​ជា​អន្តរជាតិ​ក្រោយ​ពី​បាន​បញ្ចាំង​នៅ​លើ​ Netflix កាល​ពី​ខែ​មុន​។ Sarandos អ្នក​តំណាង​ឱ្យ​ Netflix បាន​ឆ្លើយ​តប​នៅ​ក្នុង​បទ​សម្ភាសន៍​បង្ហាញ​ទិន្នន័យ​រឿង​ដែល​មាន​ការ​ពេញ​និយម​នៅ​លើ​ App របស់​ខ្លួន​​ថា​ «ពួក​យើង​មិន​បាន​ដឹង​ទេ​ថា​រឿង​នេះ​នឹង​ទទួល​បាន​ប្រជាប្រិយភាព​និង​ពេញ​និយម​ជា​លក្ខណៈ​សកល​លោក​បែបនេះ​ទេ​»

Telegram-Troryorng

Share.