គួច សុកុម្ភៈ (លេខ៤) ស្ថិត​ក្នុង​ជម្រើស​១១នាក់ដំបូង​ក្នុង​ឆ្នាំ​២០០៦ ពេល​លេង​នៅ​បង់ក្លាដេស

ប្រវត្តិ​ជួប​គ្នា​២​ដង​ របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ជាមួយ​ក្រុម​កោះហ្គាម គឺ​ធ្លាប់​ឈ្នះ​ម្តង​ម្នាក់ ខណៈ​ការ​ជួប​គ្នា​ដំបូង​កាល​ពី​ខែ​មេសា ឆ្នាំ​២០០៦ ក្រុម​កម្ពុជា បាន​យក​ឈ្នះ​កោះ​ហ្គាម ៣ទល់០ លើ​ទីលាន​កីឡដ្ឋាន Bangladesh Army Stadium ក្នុង​ទីក្រុង Dhaka ប្រទេស​បង់ក្លាដេស ក្នុង​វគ្គ​ជម្រុះ​​ពូល​ C នៃ​ពានរង្វាន់ 2006 AFC Challenge Cup។

គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​កម្ពុជា លើ​កោះ​ហ្គាម ក្រោម​ការ​កាត់​សេចក្ដី​ពី​សំណាក់​អាជ្ញាកណ្ដាល Win Cho ជនជាតិ​មីយ៉ាន់ម៉ា នៅ​កាល​នោះ​រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ សុខ ប៊ុនធាង នៅ​នាទី​៣៧ កែវ កុសល រក​គ្រាប់​បាល់​បាន​នៅ​នាទី​៤០ និង​កីឡាករ គួច សុកុម្ភៈ រក​គ្រាប់​បាល់​បាន​នៅ​នាទី​៦៣។ គួច សុកុម្ភៈ កាល​នោះ​មាន​វ័យ​១៩ឆ្នាំ។

សមាជិក​ដែល​ជួយ​កម្ពុជា យក​ឈ្នះ​កោះ​ហ្គាម នៅ​គ្រា​នោះ​​នៅ​​សល់​តែ​កីឡាករ គួច សុកុម្ភៈ (វ័យ​៣៤​ឆ្នាំ) ប៉ុណ្ណោះ​ដែល​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រៀម​ជួប​គ្នា​នៅ​វេលា​ម៉ោង​​០០:៣០នាទី​រំលង​អាធ្រាត្រ ពោល​គឺ​នៅ​យប់​ថ្ងៃ​ទី៩ ចូល​ថ្ងៃ​ទី១០​ខែ​តុលា ឆ្នាំ​២០២១ នេះ​លើ​ទីលាន​​កីឡដ្ឋាន Khalifa Sports City Stadium ក្នុង​ទីក្រុង Isa Town ប្រទេស​បារ៉ែន ដែល​ជា​ទឹកដី​កណ្ដាល។ ការប្រកួត​មាន​ផ្សាយ​ផ្ទាល់​លើ Page របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ទាំង​២ប្រកួត។

ការ​ប្រកួត​រវាង​កម្ពុជា ជាមួយ​កោះហ្គាម នៅ​ពេល​នេះ​គឺ​ដើម្បី​ស្វែង​រក​កៅអី​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​​ទី៣ នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អាស៊ី 2023 AFC Asian Cup ដែល​មាន​២២​ក្រុម​កំពង់​រង់ចាំ។ ការ​ប្រកួត​ជម្រុះ​នេះ​ធ្វើ​ឡើង​ចំនួន​២ជើង​ គឺ​នៅ​ថ្ងៃ​ទី​​៩ ខែ​តុលា ឆ្នាំ​២០២១ នេះ​១លើក និង​ថ្ងៃ​ទី​១២ តុលា ឆ្នាំ​២០២១ ចំនួន​១លើក​ទៀត។ ក្រុម​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នឹង ឈាន​ទៅ​ជុំ​ទី៣ ជា​បន្ត។

ដោយ​ឡែក​​បញ្ជី​ឈ្មោះ​កីឡាករ ២៣​នាក់​របស់​កម្ពុជា ត្រូវ​ត្រៀម​ជួប​កោះ​ហ្គាម ទាំង​២​ប្រកួត​នេះ​មាន​ដូចជា៖
អ្នកចាំទី៖ កែវ សុខសិលា, ហ៊ុលគឹមហ៊ុយ
ខ្សែ​ការពារ៖ សឿយ វិសាល,​សារ៉េត គ្រីយ៉ា, ទេស សម្បត្តិ,​ឆេង ម៉េង, កែន ច័ន្ទសុភ័ក្រ, ស រតនា, សឿត បារាំង, យ៉ើ សាហ្វី
ខ្សែ​បម្រើ៖ គួច សុកុម្ភៈ, សុះ ស៊ូហាណា, គួច ដានី, អន ចាន់ប៉ូលីន, ជួន ចាន់ចាវ, ច្រឹង ពលរដ្ឋ, សេត រ៉ស៊ីប, មិន រតនៈ
ខ្សែ​ប្រយុទ្ធ៖ ជឿន ណាចា, លឹម ពិសុទ្ធ, សៀង ចន្ធា, កែវ សុខផេង និង​ចាន់ វឌ្ឍនាកា

តើ​គិត​ថា​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​រក​គ្រាប់​បាល់​បាន​ប៉ុន្មាន​គ្រាប់​ក្នុង​ជំនួប​​ជាមួយ​កោះហ្គាម នៅ​រាត្រី​នេះ?

រូបថត៖ផ្ដល់ដោយលោក កែវ កុសល

Share.