កែវ កុសល ពាក់អាវ​លេខ២

លោក កែវ កុសល ជា​ម្ចាស់​គ្រាប់​បាល់​១ ក្នុង​ចំណោម​៣ គ្រាប់​ដែល​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់​កោះ​ហ្គាម នៅ​ថ្ងៃ​ទី៦ ខែ​មេសា​ ឆ្នាំ​២០០៦ ក្នុង​វគ្គ​ជម្រុះ​​ពូល​ C នៃ​ពានរង្វាន់ 2006 AFC Challenge Cup​ លើ​ទីលាន​កីឡដ្ឋាន Bangladesh Army Stadium ក្នុង​ទីក្រុង Dhaka ប្រទេស​បង់ក្លាដេស។

បុរស​កាន់​អាជ្ញាប័ណ្ណ​គ្រូ​បង្វឹក​កម្រិត​ទ្វីប​អាស៊ី A License រូប​នេះ​បាន​​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​ក្រុម​ការងារ​សារព័ត៌មាន​ត្រយង ថា៖«ខ្ញុំ​នៅ​ចាំ​បាន​ខ្លះៗ​នៅ​កាល​នោះ កោះ​ហ្គាម គឺ​​គេ​មាន​ចំណុច​ខ្លាំង​ដូចជា គេ​មាន​កីឡាករ​ក្មេងៗ​ច្រើន គេ​មាន​កម្លាំង និង​កាយ​សម្បទា​ល្អ ប៉ុន្តែ​អ្វី​ដែល​ក្រុម​គេ​ខ្វះ​ខាត​គឺ​​លើ​បច្ចេកទេស​ផ្ទាល់​ខ្លួន​ម្នាក់ៗ (ស្ទើរ​បច្ចេកទេស) និង​​ខ្វះ​ខាត​ការ​លេង​សហការ​ជា​ក្រុម»។

ជាមួយ​គ្នា​នេះ​​បុរស​ដែល​​ធ្លាប់​ជួយ​កម្ពុជា លើក​ពានរង្វាន់ BIDC Cup ឆ្នាំ​២០០៩ រូប​នេះ​បាន​​ជូនពរ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នាពេល​បច្ចុប្បន្ន​បំពេញ​បេសកកម្ម​នៅ​ប្រទេស​បារ៉ែន មាន​សុខភាព​ល្អ​បរិបូរណ៍ មាន​កម្លាំង​ពេញ និង​ពេល​ប្រកួត​​សូម​ឱ្យ​ជោគជ័យ​ជា​ស្ថាពរ។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា អំឡុង​ពេល​នោះ​ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក សាល់ សាឡាស់ខាន់ ដែល​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា នា​ទសវត្ស​ទី​៨០ និង​ជា​គ្រូ​បង្វឹក​ក្រុម​ខេមរាកីឡា និង​បៀលប្រាយយូណាធីត ផង​ដែរ។

សូម​បញ្ជាក់​ថា​ជ័យជម្នះ​របស់​កម្ពុជា លើ​កោះហ្គាម រក​បាន​ដោយ​​កីឡាករ សុខ ប៊ុនធាង នៅ​នាទី​៣៧ កែវ កុសល រក​គ្រាប់​បាល់​បាន​នៅ​នាទី​៤០ និង​កីឡាករ គួច សុកុម្ភៈ រក​គ្រាប់​បាល់​បាន​នៅ​នាទី​៦៣។ សុខ ប៊ុនធាង បច្ចុប្បន្ន​​ជា​​មន្រ្ដី​យោធា ហើយ​ កែវ កុសល ជា​មន្រ្តី​នគរបាល​ជាតិ។ ដោយ​ឡែក គួច សុកុម្ភៈ វិញ​នៅ​បន្ត​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​​នៅ​ឡើយ​ទេ។

កែវ កុសល ជួរក្រោម​ នៅ​ដើម​គេ​ខាង​ឆ្វេងដៃ អំឡុងពេល​សិក្សាវគ្គ​បាល់ទាត់​នៅ​​អេស្ប៉ាញ

លោក កែវ កុសល បាន​ព្យួរ​ស្បែក​ជើង​នៅ​ចុង​​ឆ្នាំ​២០០៩ ខណៈ​លោក​ធ្លាប់​ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា តាំង​ពី​ឈុត​យុវជន​ក្រោម​អាយុ​១៧ឆ្នាំ​ដល់​ឈុត​ធំ​ផង​ដែរ។ ចំណែក​ការ​ប្រកប​អាជីព​ក្នុង​ក្លិប​បាល់ទាត់​វិញ លោក​ធ្លាប់​លេង​ឱ្យ​​ក្រសួងការពារជាតិ ខេមរាកីឡា និង​ព្រះខ័នរាជស្វាយរៀង។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ជួប​កោះហ្គាម ជា​លើក​ទី៣ នៅ​វេលា​ម៉ោង​​០០:៣០នាទី​រំលង​អាធ្រាត្រ ​យប់​ថ្ងៃ​ទី៩ ចូល​ថ្ងៃ​ទី១០​ខែ​តុលា ឆ្នាំ​២០២១ នេះ​លើ​ទីលាន​​កីឡដ្ឋាន Khalifa Sports City Stadium ក្នុង​ទីក្រុង Isa Town ប្រទេស​បារ៉ែន ដែល​ជា​ទឹកដី​កណ្ដាល។ ៣ថ្ងៃ​បន្ទាប់​ក្រុម​ទាំង​២​ត្រូវ​ជួប​គ្នា​ជើង​ទី២​បន្ត​ទៀត​ដើម្បី​រក​អ្នក​ឈ្នះ​​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​​ទី៣ នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អាស៊ី 2023 AFC Asian Cup ដែល​មាន​២២​ក្រុម​កំពង់​រង់ចាំ។ ការប្រកួត​មាន​ផ្សាយ​ផ្ទាល់​លើ Page របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ទាំង​២ប្រកួត។

ជំនួប​២ប្រកួត​កន្លង​មក​រវាង​កម្ពុជា នឹង​កោះហ្គាម ក្រៅ​ពី​កម្ពុជា យក​ឈ្នះ​កោះហ្គាម​ ៣-០ នៅ​ឆ្នាំ​២០០៦។ ប៉ុន្តែ​ក្រុម​កម្ពុជា បាន​បរាជ័យ​វិញ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ដោយ​លទ្ធផល ២ទល់០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​ជំនួប​មិត្ត​អន្តរជាតិ៕

រូបថត៖​ផ្ដល់​ឱ្យ

Telegram-Troryorng
Share.