កាល​ពី​រាត្រី​ថ្ងៃ​សៅ​រ៍​ទី​ ៩ ខែ​ តុលា ឆ្នាំ​ ២០២១ ម្សិលមិញ​នេះ​ កម្មវិធី​ប្រកួត​ប្រជែង​សម្រស់​ដែល​មាន​ការ​គាំទ្រ​ច្រើន​ពី​ប្រិយមិត្ត​អ្នក​និយម​គាំទ្រ​ Miss Grand Cambodia 2021 បាន​រក​ឃើញ​ម្ចាស់​មកុដ​ជយលាភី​ថ្មី​របស់​ខ្លួន​ហើយ​ នោះ​គឺ​ស្រីស្អាត​រូប​ស្រស់​ ប៉ូ គីមថេងសុតធីតា។ ប៉ុន្តែ​តើ​មាន​អ្នក​ណា​ដឹង​ខ្លះ​ថា​ ទម្រាំ​តែ​អាច​ក្លាយ​ជា​ម្ចាស់​ជយលាភី​ ស្រីស្អាត​ញញឹម​ស្រស់​រូប​នេះ​ បាន​តស៊ូ​ពុះពារ​ខ្លាំង​ប៉ុណ្ណា​ លើ​វិថី​ប្រកួត​ប្រជែង​ផ្នែក​សម្រស់​?

​ក្រមុំ​​រូប​ស្រស់​ម្នាក់​​នេះ​បាន​ក្លាយ​ជា​រាជិនី​ក្នុង​រាត្រី​គ្រង​មកុដ​ជា​ម្ចាស់​ជយលាភី​លេខ​មួយ​ Miss Grand Cambodia តាម​រយៈ​ការ​ប្រកួត​ប្រជែង​និង​បង្ហាញ​សមត្ថភាព​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​ទាំង​លើ​កញ្ចក់​ទូរទស្សន៍​និង​លើ​បណ្ដាញ​សង្គម​ (Miss Grand Cambodia Page)។

យ៉ាងណា​មិញ​ ការ​ទទួល​បាន​មកុដ​មក​គ្រប់គ្រង​នេះ​មិនមែន​បាន​មក​ដោយ​សំណាង​នោះ​ឡើយ​ ប៉ុន្តែ​បាន​មក​ដោយ​ការ​ឧស្សាហ៍​ព្យាយាម​ ប្រឹងប្រែង​ ហ្វឹកហាត់ បង្កើន​សមត្ថភាព​ខ្លួន​ពី​មួយ​កម្មវិធី​ទៅ​មួយ​កម្មវិធី​ រហូត​ធ្វើ​ឱ្យ​ស្រីស្អាត ប៉ូ គីមថេងសុតធីតា មាន​ឱកាស​ឈ្នះ​ក្លាយជា​ម្ចាស់​ជយលាភី​នៅ​ក្នុង​ឆ្នាំ​ ២០២១​នេះ​។

ធីតា ធ្លាប់​មាន​​ប្រវត្តិ​ចូល​រួម​ប្រកួត​ប្រជែង​ និង​ជោគជ័យ​ច្រើន​លើ​វិថី​ប្រកួត​ ប៉ុន្តែ​មិន​ធ្លាប់​បាន​គ្រងមកុដ​ជយលាភីឡើយ​ ព្រោះ​កន្លង​មក​បាន​ត្រឹម​ជាប់​ក្នុង​ចំណោម​ Top5 ប៉ុណ្ណោះ​។ សម្រាប់​បទ​ពិសោធ​ប្រកួត​កន្លង​​មក​របស់​ធីតា​រូប​ស្អាត​រូប​នេះ មាន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​ ដែល​មាន​ទាំង​ការ​ប្រកួត​កម្រិត​​ជាតិ​ និង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ផង​ដែរ​។

ប៉ូ គីមថេងសុតធីតា ធ្លាប់​ជាប់​​ចំណាត់​ថ្នាក់​លេខ​៤ (Third Runner Up) ក្នុង​កម្មវិធី​ Miss City Tourism World 2017 នៅ​ប្រទេស​ចិន​ហើយ​ក៏​ធ្លាប់​ជា​ Miss Asia Pacific International 2019 ហើយ​ក៏​ធ្លាប់​​ជាប់​ជយលាភី​លេខ៤​ នៅ​ក្នុង​កម្មវិធី​ប្រកួត​ Miss Universe 2019 ផង​ដែរ​។

តាម​រយៈ​ការ​ទទួល​បាន​ជយលាភី​ពី​កម្មវិធី​ប្រកួត ប៉ូ គីមថេងសុតធីតា នឹង​ក្លាយ​ជាបវរ​កញ្ញា​ Miss Grand Cambodia ចេញ​ទៅ​ប្រកួត​ប្រជែង​ដណ្ដើម​មកុដ​ជយ​លាភី​នៅ​ប្រទេស​ថៃ​នា​ពេល​ខាង​មុខ​នេះ៕

Telegram-Troryorng
Share.