ភ្នំពេញ ៖ យុវជនម្នាក់ទៅដេកលើផ្លូវដែក ត្រូវបានរថភ្លើងខ្សែដឹកទំនិញ បើកកិនបណ្តាលឲ្យដាច់ដៃឆ្វេង និងដាច់ជើងសងខាង ត្រូវបានសមត្ថកិច្ច រថយន្តសង្គ្រោះរបស់អង្គភាពរុករកនិងសង្គ្រោះ ៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ ដឹកបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះអាយុជីវិត កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅផ្លូវដែក កាត់ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យុវជនរងគ្រោះ ឈ្មោះ នៃ ចឺម អាយុ១៥ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅស្រុកចំការលើ ខេត្តកំពង់ចាម ។

តាមប្រជាពលរដ្ឋ អ្នកលក់ដូរ នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា យុវជនរងគ្រោះ មកដេកស្នាក់នៅរោង កន្លែងយាមផ្លូវរថភ្លើងយូរខែមកហើយ ដោយដើររើសអេតចាយ ហើយនៅពេលកើតហេតុ មានរថភ្លើងខ្សែដឹកទំនិញ បើកចេញពីភ្នំពេញ ឆ្ពោះទៅក្រុងព្រះសីហនុ គ្រាន់តែរថភ្លើងបើកទៅផុត ទើបឮសូរសម្លេងស្រែកថ្ងូរឲ្យជួយ ដើរទៅមើល ទើបប្រទះឃើញយុវជនរងគ្រោះ របួសដាច់ដៃឆ្វេង ដាច់ជើងសងខាង បែកក្បាល សន្និដ្ឋានបានថា រថភ្លើងបើកកិន ។

តែបើតាមយុវជនរងគ្រោះ ក្នុងសភាពដាច់ដៃជើងមែនពិត តែនៅមានស្មារតី និយាយបាន បានឲ្យដឹងថា ដេកនៅក្នុងរោង មុសខាំច្រើនពេក ក៏សម្រេចទៅដេកនៅលើផ្លូវដែក លង់លក់ជ្រុល មិនដឹងថារថភ្លើងបើកមក ។

ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាពរុករកនិងសង្គ្រោះ គ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ តាមការស្នើសុំពីអាជ្ញាធរ ខណ្ឌ ក្រុង ជួយអន្តរាគមន៍ដឹកបញ្ជូនទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យគុន្ធបុប្ផា ៕

Share.