បទ​ចម្រៀង​ថ្មី​របស់​តារា​ចម្រៀង​សំឡេង​ពីរោះ​ តន់ ចន្ទសីម៉ា ដែល​មាន​ចំណង​ជើង​ថា​ «Are You Ok» ត្រូវ​បាន​​អ្នក​​ឧកញ៉ា ឡេង ណាវ៉ាត្រា​ បញ្ជា​ទៅ​កាន់​អ្នក​គ្រប់​គ្រង​​ការ​ផលិត​ឱ្យ​លុប​បទ​នេះ​ចេញ​ពី​ Facebook page, Account Tiktok របស់​ផលិតកម្ម​ Galaxy Navatra ជា​បន្ទាន់​។

យោងតាម​សេចក្ដី​ប្រកាស​របស់​អ្នក​ឧកញ៉ា​​វ័យ​ក្មេង​ដែល​បាន​បង្ហោះ​តាម​រយៈ​ផេក​របស់​លោក​ អ្នក​ឧកញ៉ា បាន​ប្រាប់​ឱ្យ​អ្នក​គ្រប់​គ្រងការ​ផលិត​របស់​ផលិតកម្ម​ Galaxy Navatra លុប​បទ​នេះ​ចេញ​ ព្រោះ​តែ​បទ​ចម្រៀង​នេះ​ទទួល​បាន​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ហ្វេន​ ក៏​ដូច​ជា​សាធារណ ជន​ ព្រោះ​តែ​បទ​ចម្រៀង​នេះ​មាន​ការ​តុបតែង​ខ្លួន​ជា​កូន​សិស្ស​ក្នុង​ថ្នាក់​ តែ​មាន​ប្រើប្រាស់​កាំភ្លើង​ ដែល​សកម្មភាព​និង​ទង្វើ​នេះ​ អាច​នឹង​​ធ្វើ​ឱ្យ​មាន​​ការ​យល់​ខុស​ចំពោះ​សេចក្ដី​ថ្លៃថ្នូរ​របស់​សិស្ស​និស្សិត​ខ្មែរ​​។

ការ​បង្ហាញ​គោលជំហរ​ឆ្លើយ​តប​របស់​អ្នក​ឧកញ៉ា ចំពោះ​មតិ​រិះគន់​ដើម្បី​ស្ថាបនា​នេះ​ ត្រូវ​បាន​សាធារណជន​គោរពនិង​កោត​សរសើរ​ចំពោះ​ស្មារតី​ទទួល​ខុស​របស់​អ្នក​ឧកញ៉ា យ៉ាង​ណា​មិញ​ក៏​មាន​មតិ​មួយ​ចំនួន​ បាន​ស្នើ​ឱ្យ​អ្នក​ឧកញ៉ា លុបចោល​ស្នាដៃ​បទ​ចម្រៀង​ Are You Ok ដែល​ជា​បទ​ចម្រៀង​មួយ​ ផលិតកម្ម​ Galaxy ​បាន​ចំណាយ​ថវិកា​អស់​ជាង​១ម៉ឺន​ដុល្លារ​អាមេរិក​ទិញ​សិទ្ធិ​ពី​ម្ចាស់​ដើម​នៅ​ខេត្ត​កំពត​ចោល​ទាំង​ស្រុង​តែម្ដង។

ប៉ុន្តែ​សំណើរ​នេះ​នឹង​ត្រូវ​បាន​សម្រេច​យ៉ាង​នោះ​ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ តែ​ជំហាន​បឋម​ វីដេអូ​ខ្លី​ ដែល​បង្ហោះ​ដើម្បី​ផ្សព្វផ្សាបទ​ចម្រៀង​ថ្មី​របស់​កញ្ញា តន់ ច័ន្ទសីម៉ា អាច​នឹង​ត្រូវ​លុប​​ចេញ​ពី​គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ​ទាំងអស់​មាន​ Tiktok, និង​ Facebook ជា​ដើម​។

ខាង​ក្រោម​នេះ​គឺជា​សំណេរ​ដែល​ អ្នក​ឧកញ៉ា ឡេង​ ណាវ៉ាត្រា បាន​ធ្វើ​ការ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ផេក​ផ្លូវការ​របស់​លោក​ផ្ទាល់​ នៅ​ល្ងាច​ ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២១​ នេះ​៖

«សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ។»

Telegram-Troryorng
Share.