នេះ​ជា​លើក​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ​រាប់​ចាប់​ពី​ឆ្នាំ ​២០១៥ ​មក​ដែល​លោក​ Steve Harvey មិន​បាន​ធ្វើ​ជា​ពិធីករ​ក្នុង​កម្មវិធី​ប្រកួត​លំដាប់​ពិភពលោក​ដ៏​ធំ​ Miss Universe

ក្រោយ​ពន្យារ​ពេល​រៀបចំ​កម្មវិធី​ប្រកួត​មួយ​ឆ្នាំ​កន្លះ​ដោយ​សារ​តែ​បញ្ហា​ជំងឺ​កូវីដ-១៩ រាតត្បាត​ខ្លាំង​ ទីបំផុត​កម្មវិធី​ប្រកួត​Miss Universe លើក​ទី​៦៩​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៦​ ខែឧសភានេះ នា​ទីក្រុងហូលីវូដ​ រដ្ឋហ្ល័ររីដា​ សហរដ្ឋអាមេរិក ​(គិត​តាម​ល្វែង​ម៉ោង​អាមេរិក)​។

Steve Harvey សម្ភាសន៍បវរកញ្ញា កូឡុំប៊ី ក្នុងកម្មវិធីប្រកួត MU 2019

ប៉ុន្តែ​ជា​ចម្ងល់​ឆ្នាំ​នេះ​ Steve មិនមែន​ជា​ពិធី​ប្រកាស​ក្នុង​កម្មវិធី​នេះ​ដូច​រាល់​ឆ្នាំ​ដែល​កន្លង​មក​នោះ​ទេ​ ព្រោះ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ កន្លង​ទៅ​ គណៈកម្មការ​រៀបចំ​ការ​ប្រកួត MU បាន​ប្រកាស​លើ​បណ្ដាញ​សង្គម​ថា​លោក Mario Lopez ដែល​ជា​តារា​សម្ដែង​ ិង​ជា​ផលិតករ​ នឹង​ចាប់​ដៃ​គូ​ជាមួយ​អតីត​បវរកញ្ញា​ចក្រវាឡ​​ឆ្នាំ​២០២១​កញ្ញា​ Olivia Culpo ជា​ពិធីករ​ក្នុង​កម្មវិធី​ Miss Universe 2020

ក្រោយ​ស្ងាត់ស្ងៀម​មួយ​រយៈ​ខ្លី​ទីបំផុត​លោក​ Steve វ័យ​៦៤​ឆ្នាំ​ បាន​ឆ្លើយ​តប​ចំពោះ​ការ​ប្រកាស​ខាង​លើ​តាម​រយៈ​ Twitter បញ្ជាក់​ពី​រឿង​នេះ​ដោយ​ខ្លួន​លោក​ថា​៖ «ខ្ញុំ​ច្បាស់​ជា​នឹក​អ្នក​ទាំង​អស់​គ្នា​ណាស់​ហើយ​ ប៉ុន្តែ​ខ្ញុំ​នឹង​ជួប​អ្នក​ទាំង​អស់​គ្នា​វិញ​នៅ​ក្នុង​ការ​ប្រកួត​លើក​ទី​៧០​»

បន្ទាប់​ពី​ពិធីករ​ដ៏​ល្បី​រូប​នេះ​បាន​ផុស​គណៈកម្មការ​​​បាន​ឆ្លើយ​តប​ចំពោះ​សំណេរ​របស់​លោក​វិញ​នៅ​លើ​ Instagram ថា​៖ «ពួក​យើង​ក៏​នឹក​លោក​ដូច​គ្នា​ ប៉ុន្តែ​ពួក​យើង​នឹង​បាន​ជួប​គ្នា​ឆាប់​ៗ​នេះ​»។

អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​បាន​បង្ហាញ​ពី​ការ​ខកចិត្ត​ដែល​អវត្តមាន​ពិធីករ​សំណព្វ​ចិត្ត​របស់​ពួក​គេ​ក្នុង​កម្មវិធី​ តែ​ក៏​មាន​អ្នក​ផ្សេង​ជា​ច្រើន​ទៀត​នៅ​ធម្មតា​ព្រោះ​ដឹង​ថា​​មិនមែន​ជា​ការ​ផ្លាស់​ប្ដូរ​រហូត​នោះ​ទេ​​គ្រាន់​តែ​ក្នុង​មួយ​ឆ្នាំ​នេះ​ប៉ុណ្ណោះ​។​

Steve ពិធីករ Family Feud

ចំពោះ​មូល​ហេតុ​ដែល​លោក​ Steve មិន​បាន​ធ្វើ​ជា​ពិធីករ​កម្មវិធី​ប្រកួត MU ប្រចាំឆ្នាំ២០២០ មិន​ត្រូវ​បាន​លោក ​ឬ ​ក៏​គណៈកម្មការ​ប្រកាស​ជា​សាធារណៈ​ថា​មក​ពី​ហេតុ​អ្វី​នោះ​ទេ​ តែ​មាន​មនុស្ស​មួយ​ភាគ​ធំ​យល់​ថា​អាច​មក​ពី​បញ្ហា​ពេល​វេលាជាន់គ្នា​ជា​កត្តា​ចំបង​។

លោក​ Steve គឺ​ជា​មនុស្ស​​រវល់​ខ្លាំង​ព្រោះ​លោក​កាន់​កម្មវិធី​ធំ​ៗ​ជា​ច្រើន​ដូច​ជា​ Family Feud និង Celebrity Family Feud ​ព្រម​ទាំង​ជា​ពិធីករ​ Game Show ​ដ៏​ល្បី​ទាំង​ពីរ​នេះ​នៅ ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ និង ​ហ្គាណា​ផង​ដែរ​។

Share.