ពានរង្វាន់​បាល់ទះ​​សម្រាប់​ក្លិប​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2021 Asian Men’s Club Volleyball Championship ដែល​កំពុង​តែ​រៀបចំ​នៅ​ខេត្ត Nakhon Ratchasima ប្រទេស​ថៃ បាន​រក​ឃើញ​ក្រុម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​ក្រុម​Al-Arabi របស់​កាតារ ជួប​ក្រុម​ Foolad Sirjan របស់​អ៊ីរ៉ង់ ដើម្បី​ដណ្តើម​ជើង​ឯក​ប្រចាំ​ឆ្នាំ។

តាម​ពិត​ពានរង្វាន់​នេះ​​គ្រោង​រៀបចំ​ឡើង​នៅ​ឆ្នាំ​២០២០ កន្លង​មក​នោះ​ទេ ប៉ុន្ដែ​ដោយ​សារ​ស្ថានភាព​នៃ​ជំងឺ​កូវីដ-១៩ ទើប​មាន​ការ​ផ្លាស់ប្តូរ​កម្មវិធី​ប្រកួត។ ក្រុម​ចំនួន​១០ មក​ពី​ជុំ​វិញ​ទ្វីប​អាស៊ី បាន​ចូលរួម​ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​១៥ ខែ​តុលា ឆ្នាំ​២០២១។ ក្រុម​ដែល​ឈ្នះ​ជើង​ឯក​ពានរង្វាន់​នេះ​មាន​ឈ្មោះ​តំណាង​ឱ្យ​ទ្វីប​អាស៊ី ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2021 FIVB Volleyball Men’s Club World Championship។

ក្រុម​ដែល​ចូលរួម​ទាំង​១០ បាន​បែងចែក​ជា​ពូល ដោយ​ក្នុង​នោះ​មាន ពូល A ក្រុម​Burevestnik Almaty (កាហ្សាក់ស្ថាន) Nakhon Ratchasima QminC (ថៃ) South Gas (អ៊ីរ៉ាក់) Kazma (គុយវ៉ែត) CEB (ស្រីលង្កា)។ ពូល B មាន​ Foolad Sirjan (អ៊ីរ៉ង់) Al-Arabi (កាតារ) Diamond Food (ថៃ) AGMK (អ៊ូបេគីស្ថាន) និង Rebisco (ហ្វីលីពីន)។

ចំណែក​លទ្ធផល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឃើញ​ថា៖

  • Burevestnik Almaty ២-៣ Al-Arabi (២៥-១៥,១៥-២៥,​២៥-១៥,​២៦-២៨,៩-១៥)
  • Foolad Sirjan ៣-០ Nakhon Ratchasima QminC (២៥-១៩,​២៥-២៣,២៥-២២)

កម្មវិធី​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ៣ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​​៣:៣០នាទី​រសៀល​ថ្ងៃ​សុក្រ នេះ​ដោយ​​ក្រុម Burevestnik Almaty ជួប​ក្រុម Nakhon Ratchasima QminC។

ចំណែក​កម្មវិធី​ប្រកួត​ដណ្តើម​ជើង​ឯក​វិញ​ក្រុម Al-Arabi ជួប​ក្រុម Al-Arabi នៅ​វេលា​ម៉ោង​៦:៣០នាទី​ល្ងាច​ថ្ងៃ​ជាមួយ​គ្នា។

ពានរង្វាន់​បាល់ទះ Asian Men’s Club Volleyball Championship រៀបចំ​ឡើង​ដំបូង​ក្នុង​ឆ្នាំ​១៩៩៩ មក​ម៉្លេះ រាល់១​ឆ្នាំ​ម្តង ហើយ​ក្រុម Paykan Tehran មក​ពី​អ៊ីរ៉ង់ ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​​រហូត​ទៅ​៧​ដង​ម្នាក់​ឯង និង​ឈ្នះ​ជើង​ឯករង​បាន​២ដង៕

Telegram-Troryorng
Share.