ក្រុម​ជម្រើស​ជាតិ​ថៃ

ដោយរកឃើញថាក្នុងចំណោម៣ប្រទេសដូចជា កូរ៉េខាងជើង, ឥណ្ឌូនេស៊ី ហើយក្នុងនោះក៏មានប្រទេសថៃផងដែរត្រូវបាន ភ្នាក់ងារប្រឆាំងគ្រឿងញៀនរបស់ពិភពលោក (WADA) សើបអង្កេតរកឃើញថាមិនបានអនុលោមតាមច្បាប់ប្រឆាំងគ្រឿងញៀនពិភពលោកឆ្នាំ ២០២១ ពេញលេញនោះទេ។

ដូច្នេះក្រុមជម្រើសជាតិថៃ,កូរ៉េខាងជើង និង ឥណ្ឌូនេស៊ី នឹងមិនអនុញ្ញាត្តឲ្យប្រើប្រាស់ទង់ជាតិថៃ និងមិនអាចចាក់ភ្លេងជាតិ ដើម្បីឲ្យកីឡាករស្រែកច្រៀងអមជាមួយបានឡើយ នៅក្នុងព្រឹត្តិការណ៏ធំៗដូចជា ជម្រុះ AFC Asian Cup 2023, ជម្រុះ AFC U23 នឹងពានកម្រិតតំបន់ AFF Suzuki Cup ចុងឆ្នាំនេះ។

ក្រៅពីនេះប្រទេសទាំង៣ ត្រូវទទួលទណ្ឌកម្មយ៉ាងតឹងរ៉ឹងពី WADA មិនអោយរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ ទាំងក្របខណ្ឌភូមិភាគទ្វីប ឫ សកលលោក រយៈពេលមួយឆ្នាំពេញថែមទៀតផង។

ដោយយោងតាមការចុះផ្សាយរបស់ Bangkok Post ថ្មីៗនេះ ស្រង់​សម្ដី​លោកលោក Gongsak Yodmani ប្រធាន​អាជ្ញាធម៌​កីឡា​របស់​ថៃ (SAT) ​ថាភាគីពាក់ព័ន្ធបានព្យាយាមធ្វើវិសោធនកម្មច្បាប់ប្រឆាំងសារធាតុញៀនចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែមិនអាចបញ្ចប់កិច្ចការបានទាន់ពេលវេលាទេព្រោះវាជាដំណើរការដ៏វែងឆ្ងាយ។ លោកបានបន្តទៀតថា៖«មន្រ្តីមកពីភាគីពាក់ព័ន្ធនឹងបើកកិច្ចប្រជុំនៅថ្ងៃនេះដើម្បីរកវិធីដោះស្រាយបញ្ហា»។

លោក Gongsak Yodmani ក៏បានផ្ញើលិខិតមួយច្បាប់ជូន WADA ដើម្បីពន្យល់ពីបញ្ហានេះហើយបានទទូចថាថៃគ្មានចេតនាព្រងើយកន្តើយចំពោះបញ្ហានេះទេ៕

Telegram-Troryorng
Share.