សុខ ធី

អ្នក​លេង​គុន​ខ្មែរ​លេច​ធ្លោ​លើ​ឆាក​ប្រដាល់​អន្តរជាតិ ONE Championship ជើង​ខ្លាំង សុខ ធី និង​បង​ប្រុស​បង្កើត​របស់​ខ្លួន សុខ រិទ្ធ បានឲ្យ​ឪពុក​ម្តាយ​របស់​ខ្លួន​ឈប់​ធ្វើ​ការ​ហើយ ដោយ​អ្នក​ទាំង​ពីរ​ចែក​រំលែក​គ្នា​ពី​ការ​ឡើង​សង្វៀន​ដើម្បី​ចិញ្ចឹម​ពួក​គាត់។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា កន្លង​ទៅ​ថ្មី​ៗ​នេះ សុខ ធី បាន​​ឡើង​ប្រកួត​ និង​សង​​សង​សឹក​​កីឡាករ​ថៃ ចាវ សឿយ៉ៃ បាន​សម្រេច​ដោយ​ពិន្ទុ បន្ទាប់​ពី​រូប​គេ​ធ្លាប់​ចាញ់​ក្នុង​ទឹក​ទី​៤​ម្តង​​ដោយ​សាររ​ភ្លាត់​ស្នៀត។

ក្រោយ​ពេល​ប្រកួត​ឈ្នះ​កីឡាករ​ថៃ សុខ ធី បាន​វេរ​លុយ​ចំនួន១០២០០​បាត​ពី​ប្រទេស​ថៃ​​ជូន​ឪពុក​ម្តាយ​របស់​ខ្លួន​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ប្រទេស​កម្ពុជា។ ពាក់​ព័ន្ធ​នឹង​ការ​ផ្ញើ​ប្រាក់​ជូន​ឪពុក​ម្តាយ​នេះ អ្នក​លេង​គុន​ខ្មែរ​បាន​ប្រាប់​ថា រូប​គេ​បាន​ឲ្យ​ឪពុក​ម្តាយ​ឈប់​ធ្វើ​ការ​ហើយ។

សុខ ធី បាន​និយាយ​ថា ៖«ពុក​ម៉ែ​ខ្ញុំ​ចាស់​ហើយ។ ឈប់​ឲ្យ​ពួក​គាត់​ធ្វើ​ការ​ហើយ ហើយ​ខ្ញុំ​និង​ប្រុស (សុខ រិទ្ធ)​ នាំ​គ្នា​ចែករំលែក​ប្រាក់​បាន​ពី​ប្រកួត​ជួយ​ចិញ្ចឹម​ពួក​គាត់»។

ឪពុក​ម្តាយ​របស់​អ្នក​ប្រដាល់​គុន​ខ្មែរ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ​បាន​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ថៃ​រាប់​ឆ្នាំ​ហើយ​ពោល​គឺ​ចាប់​តាំង​ពីកូន​ប្រុស​ទាំង​ពីរ​របស់​ពួក​គាត់​នៅ​តូច។ ដោយ​សារ​ទៅ​ធ្វើ​ការ​នៅ​ថៃ​នោះ​ហើយ​ដែល​បាន​នាំ​ឲ្យ សុខ ធី និង​ សុខ រិទ្ធ មាន​ឱកាស​ហ្វឹក​ហាត់​ប្រដាល់ ហើយ​ចាប់​យក​អាជីព​ប្រដាល់​រហូត​ល្បី​ល្បាញ​ទាំង​នៅ​ប្រទេស​កម្ពុជា និង​ក្រៅ​ប្រទេស។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ កីឡាករ​ទាំង​ពីរអាច​និយាយ​ និង​សរសេរ​ភាសា​ថៃ​ច្បាស់​ជាង​ភាសា​កំណើត​ទៀត​ផង។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ ពេល​នេះ​ សុខ ធី មាន​ភរិយា​ជានារី​ថៃ ហើយ​ពេល​នេះ​ទទួល​បាន​កូន​ប្រុស​ម្នាក់​ហើយ។

ទោះ​បី​ជា​យ៉ាង​ណានៅ​ក្នុង​អន្តរកាល​កូវីដ-១៩​ សុខ ធី អត់​បាន​ឡើង​ប្រកួត​ជា​ច្រើន​ខែ​ ដូច្នេះ​រូប​គេ​ក៏​ជួប​ការ​លំបាក​ក្នុង​ការ​ចំណាយ​ដែរ។ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ឲ្យ​ដឹង​ថា ៖«ខ្ញុំខ្វះ​ខាត​ដែរ ហើយ​ក៏​ពិបាក​ខ្លាំង​ដែរ។ លុយ​ដែល​សន្សំ​ពី​ការ​ប្រកួត​មុន​ៗ​ត្រូវ​ចំណាយ​ត្បិត​ត្បៀត​ក្នុង​ពេល​កូវីដ»។

យ៉ាង​ណា សុខ រិទ្ធ ដែល​ជា​បង​ប្រុស​បាន​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ជា​ច្រើន​ខែ​ហើយ ហើយ​ក៏​បាន​ឡើង​ប្រកួត​ជា​មួយ​មិត្ត​រួម​ជាតិ​ជា​បន្ត​បន្ទាប់​ដែរ។ ដូច្នេះ​រូប​គេ​ក៏​ចែក​រំលែក​​ដល់ឪពុក​ម្តាយ​ដែរ។

ក្រោយ​ពេល​បាន​ប្រកួត​នៅ​ដើម​ខែតុលា​នេះ សុខ ធី បានប្រាប់​ថា ៖«ថ្វី​បើ​ការ​ប្រកួត​បិទ​ទ្វារ និង​ត្រួត​ពិនិត្យ​ច្រើន​ដំណាក់​កាល​មុន​ប្រកួត តែ​ក៏​ល្អ​ជាង​អត់​បាន​ឡើង​ប្រកួត​ដែរ។ ខ្ញុំ​សង្ឃឹម​ថា ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​សង្ឃឹម​ទទួល​បាន​ឱកាស​ប្រកួត​ញឹក​ញាប់ ហើយ​ក៏​អាច​ចេញ​ទៅ​ប្រកួត​នៅ ONE Championship ដែរ»។ ការ​សង្ឃឹម​នេះ បន្ទាប់​ពីស្ថានភាព​កូវីដ-១៩​នៅ​ថៃ​មាន​លក្ខណៈ​ល្អ​ប្រសើរ​វិញ​បណ្តើរ​ៗ​ហើយ។

សូម​បញ្ជាក់​ថា កាល​ពី​ប៉ុន្មាន​ខែ​មុន សុខ ធី​ ត្រូវ​បាន​រៀប​ចំ​ឲ្យ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​ថៃ និង​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​នៅ ONE ប៉ុន្តែ​ដោយ​សារវិបត្តិ​កូវីដ-១៩​ធ្វើ​ឲ្យ​កម្មវិធី​ទាំង​នោះ​ត្រូវ​បាន​លុប​ចោល​វិញ៕

Telegram-Troryorng
Share.