រដ្ឋបាលខេត្តកំពង់ស្ពឺ បានចាប់ផ្តើមរៀបចំផ្សារទាំងអស់ ទាំងផ្សាររៀបរយ និងមិនរៀបរយ ក្នុងខេត្តឱ្យក្លាយជាផ្សារសុវត្ថិភាពបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ដើម្បីធានារក្សាបាននូវសណ្ដាប់ធ្នាបសាធារណៈ សុវត្ថិភាពសង្គម។

ផ្សារសុវត្ថិភាព គឺជាផ្សារមានច្រកចេញ និងចូល ដាច់ដោយឡែកពីគ្នា ការរៀបចំឲ្យមានប្រព័ន្ធ QR Code មានម៉ាស៊ីនវ៉ាស់កម្ដៅ បាញ់អាល់កុល ព្រមទាំងកត់ត្រាឈ្មោះ និងលេខទូរសព្ទរបស់អតិថិជន ដែលបានចេញចូលផ្សារផងដែរ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ថ្ងៃទី០៣ ខែឧសភា ២០២១។
សេចក្ដីជូនដំណឹងដដែល បានសរសេរទៀតថា គ្រប់ភាគីទាំងអស់រួមមានគណៈគ្រប់គ្រងផ្សារ សន្តិសុខ អាជីវករ និងអតិថិជន ត្រូវពាក់ម៉ាស់ជាប្រចាំ និងត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១ម៉ែត្រកន្លះពីគ្នា។ ទន្ទឹមនឹងនេះ ផ្សារនីមួយៗអាចទទួលអតិថិជនបានក្នុងមួយពេលមិនឱ្យលើសពី៥០% នៃសមត្ថភាពផ្ទុកសរុប ហើយអាជីវករ ឬម្ចាស់អាជីវកម្មត្រូវពង្រឹងគុណភាពសេវាកម្ម អនាម័យបរិស្ថាន និងរក្សាតម្លៃឲ្យបានសមរម្យលើគ្រប់ទំនិញ។

ចំពោះអាហារដ្ឋាននៅក្នុងផ្សារ ត្រូវរៀបចំឱ្យមានទឹកក្តៅនៅលើតុ ដើម្បីសម្លាប់មេរោគលើចាន ស្លាបព្រា និងកែវ។ ត្រូវរៀបចំឱ្យមានសាប៊ូ និងអាល់កុលលាងដៃនៅច្រកចូល ឬច្រកចេញបន្ទប់ទឹក និងទីតាំងចាំបាច់ផ្សេងទៀត។ ហើយក្នុងអំឡុងពេលនេះ នឹងមិនអនុញ្ញាតឱ្យលក់គ្រឿងស្រវឹង នោះឡើយ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានសង្កត់ធ្ងន់ថា ករណីមិនបានអនុវត្តត្រឹមត្រូវតាមការណែនាំខាងលើ អាជីវករ ម្ចាស់អាជីវកម្មអាចប្រឈមទៅនឹងការបិទអាជីវកម្ម និងវិធានការច្បាប់ជាធរមាន៕




អត្ថបទ៖ មនោស៊ីតា
កែសម្រួល៖ ប៊ិន ប៊ុណ្ណា
រូបភាព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ