តំបន់មួយចំនួនរបស់កម្ពុជាជាពិសេសនៅជាប់ព្រំប្រទល់ប្រទេសវៀតណាម នឹងមាន ភ្លៀងធ្លាក់ច្រើនអន្លើៗ ដោយសារកម្ពុជារងសម្ពាធខ្ពស់ពីប្រទេសចិន និងឥណ្ឌា ។

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅថ្ងៃទី១៩ខែតុលានេះថា ចាប់ពីថ្ងៃ២០-២៦ តុលា នាសប្ដាហ៍ខាងមុខ កម្ពុជាភាគខាងជើងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន រីឯភាគខាងត្បូងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាព អប្បបរមាពី២២-២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣១-៣៣អង្សាសេ អាចនឹង មានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ ។ ជាមួយគ្នានោះ នៅបណ្តារាជធានី-ខេត្តភាគខាងក្រោមមានព្រំប្រទល់ជាប់វៀតណាម អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ ។

ចំណែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣១-៣៣អង្សាសេ អាចនឹងមានភ្លៀងក្នុង កម្រិត ពីខ្សោយទៅមធ្យម ។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣០-៣២អង្សាសេ អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ៕

Share.