កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​តារា​សម្ដែង​ Kim Seon Ho ទើប​តែ​បាត់​បង់​ការងារ​ព្រោះ​ផលិត​ផល​ Pizza ដ៏​ល្បី​ឈ្មោះ​មួយ​បាន​លុបវីដេអូ​ផ្សព្វផ្សាយ​ដែល​មាន​រូប​លោក​ចេញ​ដោយ​ដាក់​ក្នុង​ Private ក្រោយ​ផ្ទុះ​រឿង​នារី​ម្នាក់​ចេញ​មក​ចោទ​ប្រកាន់​តារា​ប្រុស​កូរ៉េ ដោយ​សន្មត​ឈ្មោះ​ថា​លោក «K» បង្ខំ​ឱ្យ​ខ្លួន​រំលូត​កូន​រួច​ដោះ​ដៃ​ រហូត​ឈាន​មក​ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា ម្សិលមិញ​នេះ​ Kim Seon Ho បាន​ប្រកាសលុបចោល​ការ​ធ្វើ​សន្និសីទ​កាសែត​របស់​ខ្លួន​ដែល​និយាយ​​ពី​ភាព​យន្ត​ភាគ​របស់​ទូរទស្សន៍​ TVN រឿង​ «Hometown Cha Cha Cha» ដោយ​ការ​ធ្វើ​សន្និសីទ​នេះ​គឺ​ធ្វើ​​បន្ត​បន្ទាប់​ពី​តួ​ឯក​ស្រី Shin Min Ah តួ​ឯក​ស្រី​រឿង​នេះ​ដូច​គ្នា​។

ភ្នាក់​ងារ​សិល្បៈ​ Salt Entertainment បាន​ប្រាប់​មក​កាន់​សារព័ត៌មាន​ថា​ «​ ដោយ​សារ​តែមាន​បញ្ហា​ខ្លះ​ធ្វើ​ឱ្យ​ Kim Seon Ho ចាំ​បាច់​ត្រូវ​លុប​ចោល​សន្និសីទ​សារព័ត៌មាន​សម្រាប់​រឿង​ Hometown Cha Cha Cha »

ខណៈ​តារា​សម្ដែង​ Lee Sang Yi ដែល​ត្រូវ​ធ្វើ​សន្នីសីទ​កាសែត​ដូច​គ្នា​នោះ​ក៏​លុប​ចោល​ការ​ធ្វើ​សន្នីសីទ​កាសែត​ក្រោម​ហេតុផល​ដូច​គ្នា​នឹង​ Kim Seon Ho ដែរ​ នេះ​បើយោង​តាម​​ក្រុម​ហ៊ុន​គ្រប់គ្រង​លើ​តារា​រូប​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​។

ដើម​ឡើយ​ Kim Seon Ho បាន​កំណត់​ធ្វើ​សន្និសីទ​ការសែត​នៅ​ថ្ងៃ​ទី២០ ខណៈ​ដែល​ Lee Sang Yi នឹង​ធ្វើ​សន្នីសីទកាសែត​នៅ​ថ្ងៃ​ទី​២១ ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​ព័ត៌មាន​ចចាមអារ៉ាម​រឿង​តារា​សម្ដែង​លោក «K»​ និង ​អតីត​មិត្តស្រី​ កំពុង​តែ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​លើ​បណ្ដាញ​អ៊ិនធឺណិត​ទើបធ្វើ​ឱ្យ​កម្មវិធី​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​រឿង​ «Hometown Cha Cha Cha» ពន្យារ​ពេល​រៀបចំ​ក្នុង​ខណៈ​នេះ​សិន៕

Telegram-Troryorng
Share.