Giorgio Petrosyan

វីរបុរស​​​ប្រដាល់​ឃីក​បុក​សីង​ Giorgio “The Doctor” Petrosyan ​ដែល​ធ្លាប់​ប្រកួត​ស្មើ​ជា​មួយ​ Buakaw ​នោះ​​បាន​ធូរ​​​សះ​ស្បើយ​វិញ​បណ្តើរ​ៗហើយ បន្ទាប់​ពី​​​ត្រូវ​បាន​ជើង​ខ្លាំង​ថៃ Superbon ​ទាត់​ឲ្យ​​សន្លប់​កាល​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។​

Superbon ទាត់​​​ឲ្យ​ Petrosyan ​សន្លប់​​រហូត​បាក់​ថ្គាម ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Featherweight នៅ​ព្រឹត្តិការណ៍ ONE: FIRST STRIKE នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​សុក្រ ទី​១៥ ខែ​តុលា ហើយ​ភ្លាម​ៗ​នោះ​ ​តារា​កូនកាត់​អ៊ីតាលី-អាមេនី​ ត្រូវ​បាន​​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​ដើម្បី​​ពិនិត្យ​ និង​ព្យាបាល។

បន្ទាប់​មក​នៅ​ថ្ងៃ​សៅរ៍ កីឡាករ​ដដែល​​​រូប​នេះ​ត្រូវ​បាន​ធ្វើ​ការ​វះកាត់​ថ្គាម​ដែល​បាន​បាក់ ហើយ​ការ​វះ​កាត់​​​នោះ​ត្រូវ​បាន​​ដំណើរ​ការ​បាន​​​យ៉ាង​​ជោគជ័យ។

Petrosyan បាន​សរសើរ​នៅ​លើ​គណនី Instagram កាល​ពី​ថ្ងៃ​អាទិត្យ​ថា ៖«​​ល្ងាច​ម្សិល​មិញ ថ្គាម​របស់​ខ្ញុំ​​​​ត្រូវ​បាន​វះ​កាត់​ជួស​ជុល​ហើយ​ដោយ​មាន​បាក់​ពីរ​កន្លែង។ ការ​វះ​កាត់​បាន​ជោគជ័យ។ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​​វិញ​ហើយ។ អរគុណ​ដល់​អ្ន​ក​គាំទ្រ​ទាំង​អស់។ ខ្ញុំ​នឹង​បន្ត​ផ្ដល់​​ព័ត៌មាន​ដល់​​អ្នក​ទាំង​អស់​គ្នា​បន្ត​បន្ទាប់​ទៀត​»។

Petrosyan ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជើង​ខ្លាំង​ឃីក​បុក​សីង​​ក្នុង​ប្រវត្តិសាស្ត្រ។ ​មុន​ពេល​ប្រកួត​ជា​មួយ Superbon កាល​ពី​ថ្ងៃ​សុក្រ ​​​កូន​សិស្ស​មក​ពី​ក្លិប Team Petrosyan ​ធ្លាប់​មាន​ប្រវត្តិ​ឡើង​សង្វៀន​ឈ្នះ​១០៤​ដង ចាញ់​២​ដង និង​ស្មើ​២។ រូប​គេ​បាន​ឈ្នះ​ជើង​ឯក​ ONE Featherweight Kickboxing World Grand Prix កាល​ពី​ឆ្នាំ​២០១៩​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​១​លាន​ដុល្លារ​ និង​​មិន​ដែល​ចាញ់​សោះ​ក្នុង​រយៈ​ពេល​៨​ឆ្នាំ​ចុង​ក្រោយ។

ក្រោយ​លឺ​ដំណឹង​ល្អ​នេះ ​ថ្នាក់​ដឹក​នាំ និង​ក្រុម​ការងារ​ ONE Championship ​​បានផ្ញើ​សារ​ជូន​ពរ Petrosyan ឲ្យ​​​ជា​សះ​ស្បើយ​​ឆាប់រហ័ស និង​អាច​វិល​ត្រលប់​មក​កាន់​សង្វៀន​ប្រកួត​ជា​ថ្មី៕

Superbon ទាត់​​​ឲ្យ​ Petrosyan ​សន្លប់​​រហូត​បាក់​ថ្គាម
Telegram-Troryorng
Share.