បុរសម្នាក់បានបើករថយន្តហ្វតមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AT-8678 ទិសដៅពីត្បូងមកជើងតាមបណ្ដោយផ្លូវលេខ105ស្របតាមមាត់ប្រឡាយលូបឹងត្របែក។ ស្រាប់តែមកដល់មុខផ្ទះសំណាក់វល្ល័មាស ទំនងជាបុរសនោះស្រវឹងស្រាក៏បាន រេចង្កូត រថយន្ដធ្លាក់ក្នុងទឹកប្រឡាយលូបឹងត្របែក ។

ពេលនោះត្រូវបានអ្នកដែលបានឃើញហេតុការណ៍និងអ្នកដំណើរតាមផ្លូវព្យាយាមជួយ សង្គ្រោះដោយស្រង់ចេញពីទឹកឡើងមកលើគោកវិញ។

បន្ទាប់ពីស្រង់ឡើងលើគោសមត្ថកិច្ចព្យាយាមសាកសួរទៅកាន់បុរសដែលជាអ្នកបើកបរ រថយន្តថាតើមានអ្នកនៅក្នុងរថយន្តដែរឬយ៉ាងណា? បុរសនោះមិនបានឆ្លើយអ្វីទាំងអស់ ដោយដើរចុះដើរឡើង។ ក្រុមអ្នកជួយសង្គ្រោះសង្ស័យមានអ្នកនៅក្នុងរថយន្តក៏បានចុះទៅរាវក្នុងរថយន្តម្ដងទៀត  ក៏បានរាវបានអាវុធខ្លីចំនួន1ដើមដែលនៅក្នុងរថយន្ត ក៏បានប្រគល់ឱ្យសមត្ថកិច្ច។

ករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តធ្លាក់ទឹកលូម្នាក់ឯងនេះកើតឡើងនៅយប់រំលងអធ្រាត្រថ្ងៃទី23ខែតុលាឆ្នាំ2021ស្ថិតនៅតាមបណ្ដោយផ្លូវលេខ105ក្នុងសង្កាត់បឹងត្របែកខណ្ឌ  ចំការមន រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការដកហូតអាវុធនិងបាននាំ ខ្លួនអ្នកបើកបររថយន្ត ទៅកាន់ប៉ុស្តិ៍បឹងត្របែកដើម្បីសាកសួរបន្ត។

ចំណែករថយន្តត្រូវបានគរបាល ចរាចរណ៍ផ្លូវគោកស្ទូចយកទៅរក្សាទុកនៅ ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

Share.