Premier League និង La Liga

ក្របខណ្ឌលីគកំពូលចំនួន២គឺ Premier League របស់ប្រទេសអង់គ្លេស និង La Liga របស់ប្រទេសអេស្ប៉ាញ បានធ្វើការបដិសេធចំពោះផែនការ​រៀបចំ World Cup រាល់​២​ឆ្នាំ​ម្តង របស់លោក Gianni Infantino ដែល​ជា​ប្រធាន FIFA នៅ​ក្នុង​សន្និសីទ​ឯកជន​មួយ​កាលពី​ថ្ងៃ​ទី​១៩ ខែតុលា កន្លង​ទៅ​។

លីគកំពូលទាំង២បានបន្តទៀតថា៖ “យើងសូមប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងជាឯកច្ឆ័ន្ទនូវសំណើណាមួយដើម្បីរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA​ World Cup រៀងរាល់ពីរឆ្នាំម្តង ហើយយើង នឹងធ្វើការរួមគ្នាជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីការពារស្ថាប័នគ្រប់គ្រងបាល់ទាត់ប្រឆាំងចំពោះការសម្រេចចិត្តឯកតោភាគីដែលនឹងធ្វើឱ្យប៉ះពាល់ដល់បាល់ទាត់ក្នុងស្រុក ដែលជាមូលដ្ឋានគ្រឹះនៃឧស្សាហកម្មរបស់យើង និងមានសារៈសំខាន់បំផុតសម្រាប់ក្លិប កីឡាករ និងអ្នកគាំទ្រទូទាំងទ្វីបអឺរ៉ុបនិងពិភពលោក”។

ផែនការ​របស់លោក Gianni Infantino និងលោក Arsene Wenger អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Arsenal បច្ចុប្បន្ន​ជា​ប្រធាន​ផ្នែក​អភិវឌ្ឍ​បាល់ទាត់​របស់ FIFA ត្រូវ​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ដោយ​បណ្តា​ប្រទេស​ជា​សមាជិក​ចំនួន​៥៥​។

លោក Arsene Wenger និងលោក Gianni Infantino

ជាពិសេសសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា (UEFA) គឺលោក Aleksander Ceferin ក៏បានច្រានចោលគំនិតនេះផងដែរដោយលោកបានព្រមានថាបណ្តាប្រទេសនៅអឺរ៉ុបអាចធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍ World Cup ប្រសិនបើផែនការរបស់ FIFA រៀបចំព្រឹត្តិការណ៍នេះធ្វើជារៀងរាល់ឆ្នាំ។

យ៉ាងណាមិញផ្ទុយពីអឺរ៉ុប ដោយសហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងជើង, អាមេរិកកណ្តាល និងការ៉ាបៀន ហៅកាត់ថា CONCACAF បានបើកចំហគាំទ្រចំពោះគំនិតនៃការប្រកួតបាល់ទាត់ពិភពលោករៀងរាល់២ឆ្នាំម្តង ដោយផ្តល់ថាវាបង្កើតរចនាសម្ព័ន្ធមានតុល្យភាពជាងមុនសម្រាប់ការប្រកួតនៅទូទាំងពិភពលោក៕

ពាន FIFA World Cup

ប្រភព៖ insidethegames

Telegram-Troryorng
Share.