បន្ទាប់​ពី​បេក្ខនារី​ម្នាក់​បាន​ដក​​ខ្លួន​ចេញ​ពី​កម្មវិធី​ខ្សែ​ក្រវាត់​ពិភព​លោក ONE Women’s Atomweight World Grand Prix នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​សារ​របួស ឥឡូវ​នេះ​មាន​បេក្ខនារី​ម្នាក់​ទៀត​ហើយ​បាន​ដក​ខ្លួន។

ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កម្មវិធី​ខ្សែ​ក្រវាត់​នេះ​​​នៅ​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: NEXTGEN នា​ថ្ងៃ​សុក្រទី​១៥ ខែ​តុលា​នេះ​នៅ​ប្រទេស​សិង្ហបុរី។

ទី​១ កីឡាការិនី​កូរ៉េ​ខាងត្បូង Ham Seo Hee ដែល​បាន​ប្រកួត​ឈ្នះ​នៅ​វគ្គ​៨​នាក់​​ដំបូង​​បាន​ដក​ខ្លួន​កាល​ពី​ដើម​ខែ​នេះ​ ដូច្នេះ​ដៃ​គូ​​របស់​កីឡាការិនី​ថៃ Stamp គឺ​កីឡាការិនី​ប្រេស៊ីល Julie Mezabarba ដែល​បាន​ប្រកួត​ឈ្នះ​ក្នុង​ការ​ប្រកួត​បំរ៉ុង​សម្រាប់​កម្មវិធី​ខ្សែ​ក្រវាត់​នេះ។

ចុង​ក្រោយ​បំផុត​គឺ​ដៃ​គូ​របស់​ខ្លាញី​ឥណ្ឌា Ritu Phogat ​គឺ​​អ្នក​លេង​គុន​ចម្រុះ​ជប៉ុន Itsuki Hirata ​ទើប​តែ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​នា​ដើម​សប្តាហ៍​នេះ ដូច្នេះ​ដាក់​ជំនួស​វិញ​ដោយ​កីឡាការិនីហ្វីលីពីន Jenelyn Olsim។

ជុំ​វិញ​ការ​ដក​ខ្លួន​ដែល​ជិត​ដល់​ថ្ងៃ​ប្រកួត​នេះ កីឡាការិនី​ជប៉ុន Itsuki Hirata បាន​ពន្យល់​ថា នាងមាន​បញ្ហាសុខភាព​ដោយ​សារ​កម្តៅ​ខ្លួន​ឡើង​ខ្ពស់ ប៉ុន្តែ​មិន​កម្តៅ​ដោយ​សារ​ឆ្លង​កូវីដ-១៩​ឡើយ។ នាង​បាន​សុំ​ទោស​ដៃ​គូ Ritu ម្ចាស់​ឧបត្ថម្ភ​ និង​អ្នក​គាំទ្រ ព្រម​ទាំង​ក្រុម​ការងារ ONE ​ដែល​រៀប​ចំ​​ឲ្យ​នាង​ប្រកួត​កន្លង​មក។

តាម​ពិត​ទៅ​នេះ​ជា​ឱកាស​ល្អ​កម្រ​មាន​សម្រាប់​កីឡាការិនី​ហ្វីលីពីន Olsim ដែល​ទទួល​បាន​កៅអី​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​ពិភព​លោក​នេះ ហើយ​នាង​ទើប​តែ​ប្រកួត​បាន​ម្តង​គត់​នៅ​សង្វៀន ONE ដោយ​បាន​យក​ឈ្នះ​កីឡាការិនី Bi Nguyen កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ។

Telegram-Troryorng

Share.