
ស្ថានភាពកូវីដ-១៩ នៅកម្ពុជា ឡាវ ថៃ នៅមានទាន់មានសភាពថមថយនៅឡើយនោះទេ ដោយប្រទេសទាំង៣សុទ្ធតែឈានដល់យកកីឡដ្ឋានដែលធ្លាប់តែប្រកួតកីឡា មកធ្វើជាទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺសម្រាកព្យាបាលវិញ។
នៅកម្ពុជា ក្រសួងសុខាភិបាលបានសហការជាមួយសាលារាជធានីភ្នំពេញបន្ថែមពហុកីឡដ្ឋាន មួយទៀតបន្ថែមពីលើទីតាំងនានា ដើម្បីព្យាបាលបងប្អូនដែលផ្ទុកជំងឺកូវីដ-១៩។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថាគិតត្រឹមពេលនេះកម្ពុជា មានអ្នកឆ្លងសរុបប្រមាណ ១៦,២៩៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ចំនួន៥,៧៩១នាក់ អ្នកកំពុងព្យាបាល ចំនួន ១០,៣៩៤នាក់ និងអ្នកស្លាប់ ១០៧នាក់។

ដោយឡែកនៅប្រទេសឡាវ វិញរដ្ឋាភិបាលប្រទេសនេះ បានសម្រេចបន្ថែមកីឡដ្ឋាន Lanexang Indoor Stadium ដើម្បីព្យាបាលជំងឺកូវីដ-១៩ ដល់ពលរដ្ឋបានឆ្លងជំងឺកូវីដ-19។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vientiane Times។ គិតត្រឹមថ្ងៃអង្គារ នេះថាប្រទេសឡាវ មានអ្នកឆ្លងសរុបប្រមាណ ១០២៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ចំនួន៦០នាក់ អ្នកកំពុងព្យាបាល ចំនួន ៩៦៦នាក់ តែមិនមានអ្នកស្លាប់នៅឡើយទេ។

ងាកទៅប្រទេសថៃ វិញអភិបាលរាជធានីបាងកក លោក Aswin Kwanmuang បានបង្ហោះនៅទំព័រហ្វេសប៊ុករបស់លោក នៅយប់ថ្ងៃច័ន្ទ ទី៣ ខែឧសភា ម្សិលមិញថា៖ «ពហុកីឡដ្ឋាន Chaloem Phra Kiat ដែលស្ថិតនៅក្នុងខណ្ឌ Thung Khru ត្រូវបានប្តូរទៅជាមន្ទីរពេទ្យនៅតាមទីវាល ហើយវានឹងអាចផ្ទុកអ្នកជំងឺបានរហូតដល់ ៤៣២នាក់»។
សារព័ត៌មាន bangkokpost របស់ថៃ បានបញ្ជាក់ថានៅថ្ងៃអង្គារ នេះប្រទេសខ្លួនមានអ្នកឆ្លងសរុបប្រមាណ ៧២,៧៨៨ នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ចំនួន៤២,៤៧៤នាក់ អ្នកកំពុងព្យាបាល ចំនួន ៣០,០១១នាក់ និងមានអ្នកស្លាប់សរុប៣០៣នាក់៕
