Jenelyn Olsim

ថ្វី​បើ​ទើប​ទទួល​បាន​ដំណឹង​ឲ្យ​ចូល​រួម​ប្រកួត​មុន​ត្រឹម​តែ​៤​ថ្ងៃ ប៉ុន្តែ​អ្នក​លេង​គុន​ចម្រុះ​ហ្វីលីពីន Jenelyn Olsim មាន​អ្វី​ដែល​ពិសេស​ប្លែក​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​សម្រាប់​ការ​ប្រកួត​ថ្ងៃ​សុក្រ ទី​​​​២៩ ខែ​តុលា ឆ្នាំ​២០២១ នេះ។

កីឡាការិនី​ហ្វីលីពីន Olsim ​ត្រូវ​ប្រឈម​នឹង​ខ្លាញី​ឥណ្ឌា Ritu Phogat ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កម្មវិធី​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Women’s Atomweight World Grand Prix នៅ​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: NEXTGEN ថ្ងៃ​សុក្រ ទី​២៩​ ខែ​តុលា​នេះ។

តាម​ពិត​ទៅ​ Olsim ទើប​ទទួល​បាន​ដំណឹង​ឲ្យ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ខ្សែ​ក្រវាត់​នេះ​​កាល​ពី​ថ្ងៃ​អង្គារ៍​ក្នុង​សប្តាហ៍​នេះ​ពោល​គឺ​មុន​​​៤​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​កីឡាការិនី​ជប៉ុន​ Itsuki Hirata ​បាន​ដក​ខ្លួន​ចេញ​កាល​ពី​ដើម​សប្តាហ៍​នេះ​ដោយ​សារ​ខ្លួន​ឡើង​កម្តៅ​ខ្លាំង​ ប៉ុន្តែ​មិន​មែន​ឆ្លង​កូវីដ-១៩​ទេ។

Jenelyn Olsim និង Ritu Phogat

កីឡាការិនី​ហ្វីលីពីន​បាន​និយាយ​ថា ៖«ខ្ញុំ​មិន​រំពឹង​ថា​ទទួល​បាន​ដំណឹង​ចូល​រួម​ប្រកួត​យ៉ាង​ខ្លី​បែប​នេះ​ទេ។ រយៈ​ពេល​ខ្លី​ហើយ ប្រកួត​ខ្សែ​ក្រវាត់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទៀត។ នេះ​ជា​ឱកាស​ល្អ​កម្រ​ណាស់​ដែល ONE ផ្តល់​ឲ្យ​ខ្ញុំ»។

Jenelyn Olsim បាន​​ប្រកួត​នៅ​ស្ថាប័ន​ប្រដាល់​ពិភព​លោក​នេះ​​ពីរ​លើក​ហើយ​ក្នុង​នោះ​លើក​ទី​១​​បញ្ឈប់ Maira Mazar និង​លើក​ទី​២​ឈ្នះ​ពិន្ទុ​ Bi Nguyen។

សម្រាប់​ការ​ប្រកួត​ខាង​មុខ​នេះ Olsim បាន​និយាយ​ថា ៖«ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។ ជឿ​ជាក់ ​និង​ហ្វឹក​ហាត់​រាល់​ថ្ងៃតាំង​ពី​មុន​ទទួល​បាន​ឱកាស​លើក​នេះ​ម៉េះ។ ខ្ញុំ​ជឿ​ថា ខ្ញុំ​អាច​ប្រកួត​ជា​មួយ​នរណា​ក៏​បាន​ឲ្យ​ផ្គូផ្គង​ជា​មួយ​ខ្ញុំ»។

«ខ្ញុំ​ពិត​ជា​រំភើបរីករាយ។ វា​ក៏​​មាន​សម្ពាធ​ខ្លះ​ដែរ​ក្នុង​ការ​ប្រកួត​ខ្សែ​ក្រវាត់ Grand Prix  ហើយ​ខ្ញុំ​ត្រូវ​ប៉ះ Ritu។ ខ្ញុំ​ចូល​ចិត្ត​គាត់​ ហើយ​ខ្ញុំ​មាន​ការ​ជំរុញ​ទឹក​ចិត្ត​តាម​រយៈ​ភាព​យន្ត​​រឿង ‘Dangal’របស់​គាត់​ ដូច្នេះ​មាន​សម្ពាធ​ខ្លះ​ហើយ តែ​ខ្ញុំ​ពេញ​ចិត្ត»។

Olsim និយាយ​ថា ៖«ទទួល​ស្គាល់​ថា ជំនាញ​ចំបាប់​របស់​គាត់​ល្អ តែ​ខ្ញុំ​អាច​ដោះ​ស្រាយ​បាន។ ខ្ញុំ​ចង់​បញ្ជាក់​ថា ខ្ញុំ​មិន​មែន​ជា​អ្នក​ជម្រើស​​ចុង​ក្រោយ​នោះ​ទេ។ ខ្ញុំ​គិត​ថា មាន​ក្បាច់​ក្រោម​ដោះ​ស្រាយ​ចំបាប់​គាត់​បាន»។

មែន​ទែន​ទៅ ពីរ​ប្រកួត​ដែល​ទទួល​បាន​ជ័យជម្នះ​កន្លង​មក​គឺ​ជួប​ដៃ​គូ​ដែល​មាន​សមត្ថភាព​ក្បាច់​ក្រោម​ល្អ​ៗ ដូច្នេះ​ការ​ជួប​ Ritu ដែល​ល្អ​ចំបាប់​ក៏​គ្មាន​បញ្ហា​សម្រាប់​ Olsim ដែរ​ ហើយ​រឹត​តែ​ធ្វើ​ឲ្យ​នាង​មាន​ទំនុក​ចិត្ត​ទៅ​វិញ។

នាង​និយាយ​ថា ៖«ខ្ញុំជឿ​ជាក់​លើ​ខ្លួន​ឯង​ ដូច្នេះ​ហើយ​បាន​ជា​​ខ្ញុំ​ហ៊ាន​និយាយ។ អ្នក​គ្រប់​គ្នា​នឹង​ភ្ញាក់​ផ្អើល ហើយ​ខ្ញុំ​មិន​ទុក​ឲ្យ​ចៅ​ក្រម​ជា​អ្នក​កាត់​សេចក្តី​ទេ។ ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​មាន។ ខ្ញុំ​នឹង​បញ្ឈប់​ការ​ប្រកួត​នេះ​គឺ​អាច​ប្រើ​ក្បាច់​ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត ឬ​ផ្តួល​​ឲ្យ​សន្លប់​តែ​ម្តង»៕​

Telegram-Troryorng

Share.