Koulibaly

ខ្សែការពារ Kalidou Koulibaly បានបង្ហើបថាគេនឹងចាកចេញពីក្លិប Napoli ដើម្បីចូលរួមជាមួយ Manchester City, Barcelona និង Real Madrid ប៉ុណ្ណោះទោះបីធ្លាប់មានទំនាក់ទំនងជាមួយក្លិប Manchester United និង Liverpool ក៏ដោយ។

កីឡាករវ័យ ៣០ឆ្នាំរូបនេះគឺជាតួអង្គសំខាន់របស់ក្រុម Napoli ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះដោយបានបង្ហាញខ្លួនសរុប ២៩៦ប្រកួត ស៊ុតបញ្ចូលទីបាន១៣គ្រាប់ និងប៉ះឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី៦លើក នៅក្នុងក្របខណ្ឌ Serie A។

អ្នកកាសែតអុីតាលី Valter De Maggio បានដកស្រង់សម្តីខ្សែការពារកណ្តាលរូបនេះតាមរយៈ Arena Napoli ថា៖ “ខ្ញុំទៅ Juventus? តើអ្នកឆ្កួតទេឬ? ខ្ញុំនឹងមិនទៅលេងឲ្យក្លិបនៅអុីតាលីណាផ្សេងទៀតទេឡើយក្រៅពីក្លិប Napoli។ ប្រសិនចាកចេញមែន ខ្ញុំនឹងចូលរួមជាមួយក្រុមលោក Pep Guardiola, Barcelona ឬ Real Madrid ជាដើម”។

លោក Luciano Spalletti គ្រូបង្វឹករបស់ Napoli បានសារភាពថា៖ “ពីមុន Koulibaly ធ្លាប់ចង់ចាកចេញពីក្លិបពិតមែន ប៉ុន្តែឥឡូវនេះគាត់រីករាយក្នុងការស្នាក់នៅបន្តជាមួយពួកយើងបន្ត”។

បច្ចុប្បន្ន Napoli ឈរកំពូលតារាងនៅ Serie A ក្រោយលេង ១០ប្រកួតនៅក្នុងរដូវកាល ២០២១-២២ នេះមិនទាន់ចាញ់ម្តងណាឡើយ ពោលគឺឈ្នះ៩ និងស្មើ១ មានសរុប២៨ពិន្ទុ ស្មើគ្នាជាមួយ AC Milan ដែលឈរនៅលេខ២ ប៉ុន្តែលើសគ្រាប់បាល់ចំនួន៥គ្រាប់។

Telegram-Troryorng

Share.