រថយន្តកុងតឺន័រមួយគ្រឿង បើកល្បឿនលឿនមិនប្រយ័ត្ន គេចពីកម្មករដើរឆ្លងផ្លូវ ជ្រុល ឡើងកាត់ខឿនទ្រូងផ្លូវជាង៥០ម៉ែត្រ បុកទាក់រលើងគ្រឹះបង្គោលស្លាកប៉ាណូ កល់ជាប់ ពីក្រោមហើបកង់មួយចំហៀងទៅមុខលែងរួច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នៅតាមមហាវិថីឈ្នះ ឈ្នះ មុខរោងចក្របឺរី ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តបង្កហេតុ ប្រភេទកុងតឺន័រ ម៉ាក FUSO ពណ៌បែតង ពាក់ស្លាកលេខ ភ្នំពេញ 3E-8572 របស់ក្រុមហ៊ុនដឹកជញ្ជូន ឌីអេស & អេច។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលមានបងប្អូនកម្មករ កម្មការិនីចេញពីរោងចក្រ កំពុងដើរឆ្លងផ្លូវ ស្រាប់តែរថយន្តបង្កបើកពីត្បូងទៅជើងក្នុង ល្បឿនលឿន ហ្វ្រាំងមិនទាន់ គេចឡើងកាត់ខឿនទ្រូងផ្លូវ ជាង៥០ម៉ែត្រ បុកទាក់គ្រឹះបង្គោល ស្លាកប៉ាណូ បើកចុះមកវិញ កល់ជាប់ពីក្រោម ហើបកង់មួយចំហៀង ទៅមុខលែងរួច រងការខូចខាតផ្នែកខាងក្រោមរ៉ឺម៉កកុងតឺន័រ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ រួចប្រគល់ឲ្យនគរបាលជំនាញខណ្ឌ ដើម្បីពិនិត្យដោះស្រាយរាល់ផលប៉ះពាល់ទ្រូងផ្លូវ និងគ្រឹះបង្គោលថ្ម ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.