Athena Chu ទើប​តែ​អបអរសាទរ​ខួប​៥០​ឆ្នាំ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មីៗ​នេះ​ នៅ​លើ​បណ្ដាញ​សង្គម​ Weibo ដែល​ជា​បណ្ដាញ​សង្គម​ដ៏​ធំ​និង​ពេញ​និយម​មួយ​របស់​ចិន​។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​មក​អបអរសាទរ​និង​ជូនពរ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ​ ប៉ុន្តែ​លើស​ពី​នោះ​អ្នក​គាំទ្រ​ភាគ​ច្រើន​បាន​កោត​សរសើរ​ទៅ​លើ​រូប​សម្រស់​ដែល​ស្ទើ​តែ​មិន​ប្រែប្រួល​របស់​តួ​ឯក​ស្រី​ដ៏​ល្បីល្បាញ​រូប​នេះ​ និយាយ​បាន​ថា​ពេល​វេលា​ដូច​ជា​មិន​​ដើរ​ទៅ​មុខ​សោះ​សម្រាប់​រូប​សម្រស់​ដ៏​ល្អ​ឯក​នេះ​។ តើ​តារា​ឯក​ស្រី​ជើង​ចាស់​​រូប​នេះ​មាន​អាថ៌​កំបាំង​ពិសេស​អ្វី​ខ្លះ​?

យោង​តាម​ Sohu តួ​ឯក​ស្រី​ពី​ភាពយន្ត​ «ទេព​ឥន្ទ្រី​សេនាក្លាហាន​» ឆ្នាំ​១៩៩៤​ រូប​នេះ​ នៅ​តែ​ក្មេង​ជាង​វ័យ​រហូត​មក​ព្រោះ​តែ​លោក​ស្រី​រស់​នៅ​បែប​ស្រលាញ់​សុខ​ភាព​ ដោយ​មិន​តឹងរ៉ឹង​ចំពោះ​ខ្លួន​ឯងពេក​។ កាល​ពី​ជំនាន់​នៅ​សម្ដែង​លោក​ស្រី​ធ្វើ​ការ​ដល់​យប់​ៗ​ដូច្នេះ​លោក​ស្រី​ត្រូវ​កម្រិត​របៀប​របប​ញ៉ាំ​អាហារ​ពេល​យប់​។ រៀងរាល់​ពេល​ឆ្នាំ​អាហារ​ លោក​ស្រី​ញ៉ាំ​មាន​កម្រិត​ ពេល​ញ៉ាំ​រួច​មិន​ចូល​គេង​ភ្លាម​ៗ​នោះ​ទេ​ តែ​ទុក​ពេល​ឱ្យ​ក្រពះ​បាន​រំលាយ​អាហារ​។

ផ្លែ​ឈើ​គឺ​ជា​ចំណី​ដែល​លោក​ស្រី​ពេញ​ចិត្ត​ ព្រោះ​មាន​ទាំង​វីតាមីន​និង​ជួយ​ចម្អែត​ក្រពះ​បាន​យូរ​មិន​ធ្វើ​ឱ្យ​លោក​ស្រី​ញ៉ាំ​អាហារ​ដែល​មាន​សារជាតិ​ខ្លាញ់​និង​ធាត់​។ ប្រសិន​បើ​ថ្ងៃ​ណា​មិន​រវល់​ទេ​នោះ​ លោក​ស្រី​នឹង​ចូល​គេង​រៀងរាល់​ម៉ោង​៩​យប់​ ហើយ​ញ៉ាំ​អាហារ​ត្រឹមតិច​តួច​ដើម្បី​ចៀសវាង​ឡើង​គីឡូ​។

រូប​មន្ត​អាថ៌​កំបាំង​មួយ​ទៀត​នោះ​គឺ​ញ៉ាំ​ទឹក​មួយ​កែវ ឬ​ញ៉ាំ​ទឹក​លាយ​ទឹក​ឃ្មុំ​ ក្រោយ​ពេល​ភ្ញាក់​ពី​គេង​។ យោង​តាម​លោក​ស្រី​វិធី​សាស្ត្រ​នេះ​ជួយ​លាង​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​ ធ្វើ​ឱ្យ​រាងកាយ​ស្រាល​ និង​ស្រួល​ខ្លួន​។ បន្ថែម​លើស​ពី​នោះ​ទឹក​ឃ្មុំ​ជួយ​សំអាត​បំពង់​ក ធ្វើ​ឱ្យ​សំឡេង​ស្រឡះ​ល្អ​។

អាថ៌​កំបាំង​ដ៏​ធំមួយ​ទៀត​នោះ​គឺ​ហុត​ទឹក​ស៊ុប​ដែល​មាន​សារធាតុ​ប៉ូវ​ ក្នុង​នោះ​តួ​ស្រី​ដ៏​ស្រស់​សោភា​ពី​ភាពយន្ត​ «ស្ដេចស្វា​ទិនហ្វី​» រូប​នេះ​ចូល​ចិត្ត​អាហារ​ចំអិន​ពី​ផ្លែ​ប៉ោម​ក្រហម​ ផ្សិត​ទឹក​កក​ ជួន​កាល​ញ៉ាំ​សំបុក​ត្រចៀក​កាំ​ ព្រោះ​សំបុក​ត្រចៀក​កាំ​ជួយ​បង្កើន​ប្រូតេអ៊ិន​ក្នុង​រាង​កាយ​ ជួយ​កាត់​បន្ថយ​ភាព​ចាស់​ជាង​វ័យ​។ លោក​ស្រី​ Anthena ចូលចិត្ត​វិធី​ថែ​សម្រស់​តាម​បែប​ធម្មជាតិ​ ប៉ុន្តែ​ត្រូវ​ការ​ពេលវេលា​យូរ​និង​ខិត​ខំ​អនុវត្ត​ជា​បន្ត​បន្ទាប់​។

ដូច​បាន​លើក​ឡើង​ពី​ខាង​ដើម​តារា​សម្ដែង​ជើង​ចាស់​តែ​រូប​សម្រស់​មិន​ចាស់​តាម​អាយុ​កាល​រូប​នេះ​មិន​សូវ​ចូលចិត្ត​កីឡាប្រើ​កម្លាំង​នោះ​ទេ​ ប៉ុន្តែ​លោក​ស្រី​ចូល​ចិត្ត​ហែល​ទឹក​ ដូច្នេះ​មួយ​សប្ដាហ៍​លោក​ស្រី​ហែល​ទឹក​៣​ដង​ ម្យ៉ាង​វិញ​ទៀត​ប្រទេស​កីឡា​បែប​នេះ​ជួយ​ដុត​បំផ្លាញ​ខ្លាញ់​បាន​លឿន​ ជួយ​ឱ្យ​សុខភាព​រឹងមាំ​ ពិសេស​ជួយ​ឱ្យ​ត្រគាក​និង​សាច់​ដុំ​ភ្លៅ​រឹងមាំ​។

ក្រៅ​ពី​នេះ​វិធី​អស់​ទាំង​នេះ​ លោក​ស្រី​ក៏​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ Skin Care ផង​​ដែរ​ ព្រោះ​ក្នុង​ផ្ទះ​លោក​ស្រី​មាន​ផលិត​ផល​ថែ​រក្សា​ស្បែក​ជា​ច្រើន​មុខរៀប​ចំ​ទុក​ដាក់​នៅ​កន្លែង​ផ្សេងៗ​គ្នា។​ ឧទាហរណ៍​ដូច​ជា​ពេល​រដូវ​រងា​ត្រូវ​ប្រើ​ផលិត​ផល​ តែ​នៅ​ពេល​ផ្លាស់​ប្ដូរ​ចូល​រដូវ​ក្ដៅ​ត្រូវ​ប្ដូរ​មក​ប្រើ​ផលិតផល​មួយ​ទៀត​។ល។​

យ៉ាង​មិញ​ Anthena Chu បែរ​ជា​មាន​ជំនឿ​មុត​មាំ​មួយទៀត​ថា​ក្ដី​ស្រលាញ់​ដែល​ស្វាមី​មាន​ចំពោះ​លោក​ស្រី​គឺ​ជា​ឱសថ​ដ៏​ស័ក្ដិសិទ្ធិ​​ដែល​ធ្វើ​ឱ្យ​សម្រស់​លោក​ស្រី​នៅ​តែ​ស្អាត​។

​នៅ​ក្នុង​កម្មវិធី​«The King of Cards» នា​ឆ្នាំ​២០១៧ តារា​ស្រី​រូប​ស្រស់​ម្នាក់​នេះ​ធ្លាប់​បាន​ពោល​ថា​ «បើ​សិន​ជា​អ្នក​សម្លឹង​មើល​ទៅ​ក្នុង​កញ្ចក់ ហើយ​ឃើញ​រូប​សម្រស់​របស់​អ្នក​កាន់​តែ​ស្អាត​ជាង​មុន​ នោះ​បាន​សេចក្ដី​ថា​អ្នក​ស្រលាញ់​​​មនុស្ស​ត្រូវ​»។ នៅ​ក្នុង​កម្មវិធី​ Venus អ្នក​ម្ដាយ​កូន​មួយ​រូប​នេះ​ក៏​ធ្លាប់​បាន​និយាយ​ដែរ​ថា​ភាព​រីករាយ​ធ្វើ​ឱ្យ​មនុស្ស​ក្មេង​ជាង​វ័យ​ ហើយ​លោក​ស្រី​ក៏​ទទួល​ស្គាល់​ដែរ​ថា​លោក​ស្រី​នៅ​តែ​ត្រូវ​រៀបការ​ជាមួយ​នឹង​មនុស្ស​ដែល​លោក​ស្រី​ស្រលាញ់​ទោះ​ជា​យឺត​ពេល​បន្តិច​ក្ដី​។ បើ​ជីវិត​​អ្នក​មិន​រីករាយ​ទេ​នោះ​ គ្មាន​វិធី​ថែរក្សា​សម្រស់​ណា​មាន​ប្រសិទ្ធិភាព​នោះ​ទេ​៕

Telegram-Troryorng

Share.