បន្ទាប់​ពី​ទទួល​បាន​លិខិត​អនុញ្ញាត​ (ទិដ្ឋាការ) ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ នៅ​ព្រឹក​​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​នេះ​ ​វីដេអូ​​ខ្លី​ផ្សព្វផ្សាយ​បទ «Are You OK» ថ្មី​ ត្រូវ​បាន​យក​មក​បង្ហោះ​នៅ​លើផេក​​ផលិតកម្ម​ Galaxy Navatra ប៉ុន្តែ​សង្កេត​ឃើញ​ថា​ម្ដង​នេះ​សាធារណជន ​ពិសេស​អ្នក​គាំទ្រ​បាន​បញ្ចេញ​នូវ​ចំណាប់​អារម្មណ៍​​ខុ​សប្លែក​ពី​ MV ទីមួយ​ដែល​រង​នូវ​ការ​រិះគន់​យ៉ាងចាស់​ដៃ​ពី​បណ្ដា​អ្នក​លេង​បណ្ដាញ​សង្គម​។ តើ​សាធារណជន​ ក៏​ដូច​ជា​អ្នក​គាំទ្រ​យល់​ឃើញ​បែបណា​ពេល​ឃើញ​ MV បទ​ចម្រៀង​ ថ្មី?​

«Are You OK?» បទ​ចម្រៀង​ដែល​ធ្វើ​ឱ្យ​ផ្ទុះ​ការ​​មិន​ពេញ​ចិត្ត​មួយ​ប្រាវ​ពី​សំណាក់​ប្រិយមិត្ត​អ្នក​ស្ដាប់​ព្រោះ​តែ​​នៅ​ក្នុង​ MV បទ​ចម្រៀង​នោះ​មាន​ដាក់​បញ្ចូល​តួ​សម្ដែង​ស្លៀក​សំលៀក​បំពាក់​សិស្ស​ មាន​ឈុតបាញ់​​កាំ​ភ្លើង​ក្នុង​ថ្នាក់​រហូត​អ្នក​ឧកញ៉ា ឡេង​ ណាវ៉ាត់ត្រា​ ដែល​ជា​ CEO នៅ​ក្នុង​ផលិត​កម្ម Galaxy Navatra ចេញ​បញ្ជា​ឱ្យ​ដក​វីដេអូ​ផ្សព្វផ្សាយ​ចេញ​ពី​ Channel ផ្លូវ​ការ​ទាំង​អស់​របស់​ផលិតកម្ម​មួយ​នេះ​មិន​ថា​ជា​ Youtube, Facebook និង Tiktok នោះ​ទេ។

យ៉ាងណា​មិញ​បទ​ចម្រៀង​ដែល​ច្រៀង​ដោយ​កញ្ញា តន់ ចន្ទសីម៉ា នេះ​ត្រូវ​បាន​យក​ទៅ​ថត​កែ​សម្រួល​ឡើង​វិញ​ ត្រង់​ចំណុច​ដែល​មាន​ការ​រិះគន់​និង​មិន​ពេញ​ចិត្ត​ពី​សំណាក់​អ្នក​គាំទ្រ​និង​មហាជន​។ បទ​ចម្រៀង​ថ្មី​នេះ​​បាន​ប្រើ​ប្រាស់​ត្រឹម​តែ​ពាក្យ​ «Are You Ok?» ហើយ​ដក​ចោល​​ចេញ​វិញ​នូវពាក្យ​ «Can You Go in the Classroom ផ្លាប់ ផ្លាប់ ផ្លាប់​ With me» ហើយ​ក៏​បានដក ​(លុប)​ ចោល​ឈុត​ឆាក​ដែល​តួ​ប្រុស​លោក ប៊ឺរី​ ប្រើ​ប្រយោគ​នេះ​សួរ​ទៅ​កាន់​តួស្រី​កញ្ញា​ តន់​ ចន្ទសីម៉ា ដែល​ជា​ម្ចាស់​បទ។ ជាង​នោះ​ទៀត​បទ​​ចម្រៀង​នេះ​ក៏​បាន​ប្ដូរ​ឈុត​​បាញ់​​កាំ​ភ្លើង​វែង​ក្នុង​ថ្នាក់​ មក​នៅ​ត្រឹម​មាន​ឈុត​ស្រី​ៗ​បាញ់​កាំ​ភ្លើង​ជ័រ​បាញ់​ទឹក​វិញ​។

ក្រឡេក​មក​មើល​មតិ​សាធារណជន​ នៅ​ពេល​បាន​ឃើញ​បទ​ចម្រៀង​ខារ៉ាអូខេ (MV) ថត​ថ្មី​នេះ​បាន​បង្ហោះ​នៅ​លើ​ Facebook ក៏​ដូច​ជា​បង្ហោះ​ជា​ Full Video នៅ​លើ​ឆាណែល​ថ្មី​របស់​ផលិតកម្ម​ Galaxy Navatra ដែល​មាន​ឈ្មោះ​ថា​ Cam-Pop Galaxy Navatra ​ទទួល​បាន​ការ​សរសើរ​ច្រើន​ពី​សំណាក់​ហ្វេន​ (អ្នក​គាំទ្រ​)។

TopHuntie ទំរាំនឹងបានចេញ​បទនេះ​ រឿងរ៉ាវ​មិនតិចទេ​ តែ​សប្បាយ​ចិត្ត​ពេលឃេីញបទនេះបានចេញដោយ​ជោគជ័យ​ ️️
ពិជ័យ សម្បត្តិ បើអ៊ីចឹងមកមានអ្នកណាគេថាអី!
Dol Sodavy ថតប្លង់ដូចកូរ៉េចឹង

នេះ​គ្រាន់​តែ​ជា​​មតិ​លើក​ឡើង​ខ្លះ​ៗ​ ដែល​សារព័ត៌មាន​ត្រយង​បាន​ដក​ស្រង់​ចេញ​ពី​ការ​យល់​ឃើញ​របស់​សាធារណជន​ ក៏ដូចជា​អ្នក​លេង​បណ្ដាញ​សង្គម​ បន្ទាប់​ពី​បាន​ទស្សនា​បទ​ចម្រៀង​​បាន​​​កែ​សម្រួល​ថ្មី​នេះ៕ ​

Telegram-Troryorng
Share.