Stamp Fairtex មាន​ក្ដី​សុបិន​​ចង់​ក្លាយ​ជា​កីឡាការិនី​គ្រង​ខ្សែ​ក្រវាត់ ៣ ប្រភេទ​កីឡា​នៅ​សង្វៀន ONE Championship បន្ទាប់​ពី​រូប​គេ​ឈ្នះ​ជើងឯក​ ONE Women’s Atomweight World Grand Prix ​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។

កាល​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ កីឡាការិនី​ថៃ​បាន​យក​ឈ្នះ​​កីឡាការិនី​ប្រេស៊ីល​ Julie Mezabarba ​នៅ​ព្រឹត្តិការណ៍​ ONE: NEXTGEN ​កាល​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ដើម្បី​ឡើង​ជួប​ខ្លា​ញី​​ឥណ្ឌា​ Ritu “The Indian Tigress” Phogat ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។

មុន​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ អតីត​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ និង​ឃីកបុកសីង បាន​បង្ហាញ​ថា​​គេ​មាន​​​ជំនាញ​ប្រកួត​ឈរ​​កម្រិត​កំពូល និង​​ក្បាច់​​ដេក​ទៀត​ផង​កម្រិត​ខ្ពស់​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​។

Stamp បាន​ថ្លែង​ថា ៖«​ការ​ប្រកួត​​ MMA  មិន​មែន​មួយ​ថៃ។  ​ប៉ុន្តែ​ជំនាញ​របស់​ខ្ញុំ គឺ មួយ​ថៃ ហើយ​ Julie ជំនាញ​ឃីកបុកសីង។ គេ​បាន​ព្យាយាម​ប្រើ​ឃីកបុកសីងជា​មួយ​ខ្ញុំ។ ដូច្នេះ​ទើប​ខ្ញុំ​ប្រើ​មួយ​ថៃ ជា​មួយ​គេ។ ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ប្រសើរ​ជាង​រូប​គេ ហើយ​គេ​នឹង​ចាញ់​ខ្ញុំ។ មួយ​ទៀត ខ្ញុំ​ការពារ​ការ​ចូល​ចាប់​របស់​ Julie  បាន​ល្អ​ផង»។
កីឡាការិនី​ថៃ​​នៅ​តែ​ចិញ្ចឹម​ចិត្ត​ឡើង​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ ONE Women’s Atomweight World Title ​ពី​កីឡាការិនី​អាមេរិក-សិង្ហបុរី ​“Unstoppable” Angela Lee ​​​នា​ពេល​ខាង​មុខ។ ដូច្នេះ​ ​រឿង​​នេះ​អាច​កើត​ឡើង បើ​សិន​រូប​គេ​ទទួល​ជ័យជម្នះ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ G​rand Prix។

​សិស្ស​គុន​ក្លិប Fairtex ​​បង្ហើប​អំពី​ ​ Ritu ថា៖«គេ​ពិត​ជា​គូ​ប្រជែង​ខ្លាំង។ ​ខ្ញុំ​ត្រូវ​​ធ្វើ​ឲ្យ​ល្អ​បំផុត ព្រោះ​គេ​ពូកែ​ប្រកួត​ដេក និង ចំបាប់​ផង។ ​ខ្ញុំ​ហ្វឹកហាត់​ឲ្យ​ល្អ ជា​ពិសេស​ផែន​ការ​លើ​ជំនាញ​ចាប់​ផ្ដួល។ ខ្ញុំ​ត្រូវ​រៀប​ចំ​ឲ្យ​ឆ្លាត​ជាង​រូប​គេ»។
កីឡាការិនី​វ័យ ២៣ ឆ្នាំ​សង្កត់​ធ្ងន់ថា ៖ «​បើ​សិន​​ខ្ញុំ​រក្សា​ការ​ប្រកួត​ឲ្យ​ឆ្ងាយ ជា​មួយ Ritu ​​ខ្ញុំ​នឹ​ង​អាច​ចេញ​កណ្ដាប់​ដៃ​,​ចាប់​អុក, ​ប្រើ​ជង្គង់, ទាត់ ហើយ​ខ្ញុំ​នឹង​ឈ្នះ​ការ​ប្រកួត​នេះ»។

គួរ​ដឹង​ថា វគ្គ ONE Women’s Atomweight World Grand Prix ​គ្រោង​នឹង​ធ្វើ​ឡើង​​​​នា​ដើម​ខែ ធ្នូ ខាង​មុខ ដែល​ជា​ការ​ប្រកួត​ជក់​ចិត្ត​ដណ្ដើម​​កៅ​អី​​ឡើង​ជួប Angela Lee៕

Telegram-Troryorng
Share.