យោងតាម​ការ​ផ្សាយ​របស់​ស្ថាប័ន​ព័ត៌មាន​ដ៏ធំ​ CNN បាន​ឱ្យដឹង​ថា​ចំនួន​មាន​មនុស្ស​៨​នាក់​ស្លាប់​និង​រាប់​រយ​នាក់​ទៀត​រងរបួស​ក្នុង​ការ​ប្រគំ​តន្ត្រី​ Astroworld ខណៈ​អាជ្ញាធរ​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​រក​ឱ្យ​ឃើញ​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​សោកនាដកម្ម​ដ៏​អាក្រក់​នេះ​កើត​ឡើង​។

កម្មវិធី​បុណ្យ​តន្ត្រី​ Astrowold ដែល​រៀប​ចំ​ដោយ​តារា​ចម្រៀង​ Rap លោក Travis Scott បាន​ផ្ទុក​មនុស្ស​​ចូល​ទស្សនា​ច្រើន​ដែល​បណ្ដាល​ឱ្យ​មាន​ការ​រុញ​ច្រាន​គ្នា​ទៅ​មុខ​ឆាក​ រហូត​បណ្ដាល​ឱ្យ​មាន​ការ​ដួល​សង្កត់​គ្នា​ហើយ​ក៏​ជា​កត្តា​បណ្ដាល​ឱ្យ​មាន​បញ្ហា​​ពិបាក​ដក​ដង្ហើម​និង​សន្លប់​ព្រោះ​តែ​ថប់​ដង្ហើម។​

អ្នក​ទៅ​ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី​និង​ស្ថិត​ក្នុង​ហេតុការណ៍​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ឱ្យដឹង​ថា​​៖ «​គ្មាន​អ្នក​ណា​ម្នាក់​អាច​កំរើក​ខ្លួន​បាន​នោះ​ទេ​ ខណៈ​ដែល​មនុស្ស​ចាប់​ផ្ដើម​ប៉ះទង្គិច​គ្នា​ហើយ​ក៏​មាន​អ្នក​ដួលសង្កត់​លើ​គ្នា​។»

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​មាន​យុវជន​អាយុ​១៤ឆ្នាំ​ម្នាក់​,១៦​ឆ្នាំ​ម្នាក់​,២១​ឆ្នាំ​២នាក់​,២៣​ឆ្នាំ​២​នាក់​,២៧​ឆ្នាំ​ម្នាក់​និង​ម្នាក់​ទៀត​មិន​​ទាន់​ដឹ​ង​អាយុ​។ ​មនុស្ស​ជាង​៣០០​នាក់​ដែល​រងបួស​ស្រាល​ត្រូវ​បាន​ព្យាបាល​នៅ​កន្លែង​កើត​ហេតុ ខណៈ​មនុស្ស​ដែល​មាន​របួស​ធ្ងន់​២៥​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សំរាក​ព្យាបាល​នៅ​មនុស្ស​ពេទ្យ​ក្បែរ​នោះ​។ ក្នុង​ចំណោម​អ្នក​របួស​ទាំង​អស់​មាន​អាយុ​តិច​ជាង​គេ​បំផុត​១០​ឆ្នាំ​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច៕​

Telegram-Troryorng
Share.