
លោក Ghulam Mohammed Khan ជាធ្លាប់ឈ្នះមេដាយកម្រិតទ្វីបអាស៊ីចំនួន៤លើក ឱ្យប្រទេសឥណ្ឌា លើប្រភេទកីឡាជិះសេះ បានទទួលមរណភាពដោយសារកូវីដ-១៩ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ថ្មីៗនេះ ក្នុងអាយុ៧៤ឆ្នាំ នៅទីក្រុង Pune ភាគខាងលិចនៃរដ្ឋMaharashtra។
សារព័ត៌មាន Times of India បានលើកឡើងថាមរណភាពរបស់លោក Khan ជាការបាត់បង់១ក្នុងចំណោមពលរដ្ឋឥណ្ឌាជាង២សែននាក់។ មុនលាចាកលោកបុរសឥណ្ឌា រូបនេះជាអាជ្ញាកណ្ដាលរបស់សហព័ន្ធកីឡាជិះសេះអន្តរជាតិ ផង និងបម្រើការងារជាយោធាផង។ លោកបណ្តុះបណ្តាលអ្នកជំនាន់ក្រោយល្អៗជាច្រើនក្នុងប្រភេទកីឡាជិះសេះ ព្រមទាំងរៀបចំផែនការសាងសង់មជ្ឈមណ្ឌលជិះសេះជាតិផងដែរ។
កាលនៅជាកីឡាករលោក Ghulam Mohammed Khan ធ្លាប់ដណ្តើមមេដាយជូនជាតិកម្រិតទ្វីបអាស៊ី ចំនួន៤លើក គឺនៅឆ្នាំ១៩៨២ គ្រាដែលទីក្រុង New Delhi ធ្វើជាម្ចាស់ផ្ទះកីឡា Asian Games លោកដណ្តើមបានមេដាយមាស ១គ្រឿងផ្នែកប្រកួតជាក្រុម និងដណ្តើមបានមេដាយប្រាក់១គ្រឿង ផ្នែកប្រកួតជាឯកត្តជន។ ចូលឆ្នាំ១៩៨៦ លោកដណ្តើមបានមេដាយសំរឹទ្ធ ២ថែមទៀត ក្នុងកីឡា1986 Asian Games ដែលធ្វើឡើងនៅទីក្រុងសេអូល ប្រទេសកូរ៉េខាងត្បូង៕
