កញ្ញាឯម គុនថង គឺជាបេក្ខនារីរងលំដាប់ទីពីរនៃកម្មវិធីប្រកួត កញ្ញាឯកដ៏អស្ចារ្យកម្ពុជាឆ្នាំ២០២១ ឬ Miss Grand Cambodia 2021។ ថ្មីៗនេះស្រីស្អាតសំបុរស្រអែមស្រស់ស័ក្តិសមជានារីខ្មែរពិតៗ បានបង្ហើបឱ្យដឹងថាក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ កញ្ញាមានគម្រោងបើកមុខជំនួញថ្មីមួយទាក់ទងនឹងការរក្សាសម្រស់ឬក៏ផលិតផល Cosmetic។
ឯម គុនថង មានចំណូលចិត្តប្លែកពីនារីរូបស្អាតៗជាច្រើនទៀត ព្រោះពេលនិយាយដល់ការសម្ដែងក្នុងវិស័យសិល្បៈ យុវតីរូបនេះបែរជាចង់សម្ដែងជាតួអង្គកាចឆ្នាស់ឆ្នើម មិនមែនជាតួអង្គមានអត្តចរិតស្លូតបូតរាបសារនោះទេ។
ងាកមករឿងមុខជំនួញវិញ បេក្ខនារីដែលមានវ័យទើបតែ២២ឆ្នាំរូបនេះបានឱ្យដឹងថាការដែលប្អូនស្រីចាប់អារម្មណ៍មុខជំនួញ Cosmetic ព្រោះតែប្អូនយល់ថាខ្លួនជាមនុស្សស្រីស្ថិតក្នុងសង្គមមួយដែលចាំបាច់ត្រូវតែតុបតែងខ្លួនស្អាត ទើបធ្វើឱ្យប្អូនស្រីចាប់អារម្មណ៍ទៅលើមុខជំនួញទាក់ទងនឹងសម្រស់នេះតែម្ដង។
បច្ចុប្បន្ន ឯម គុនថង មិនទាន់ទទួលការងារសិល្បៈនៅឡើយទេ ព្រោះកំពុងមមាញឹកក្នុងហ្វឹកហាត់ ត្រៀមខ្លួនសម្រាប់ការចេញទៅប្រកួតនៅលើវេទិកាអន្តរជាតិណាមួយដែលក្រុមហ៊ុនរៀបចំឱ្យ។ ថ្វីត្បិតតែមិនទាន់ទទួលការងារសម្ដែងប៉ុន្តែស្រីស្រស់កម្ពស់ខ្ពស់ស្រឡះរូបនេះបានបង្ហើបឱ្យដឹងថា បើសិនឱកាសល្អក្រោយត្រលប់ពីការប្រកួតកញ្ញាទទួលសម្ដែងរឿងណាមួយនោះ តួអង្គដែលកញ្ញាចង់សម្ដែងគឺជាតួអង្គដែលមានចរិតកាចឆ្នាស់ ដោយកញ្ញាបានបញ្ជាក់ពីមូលហេតុនេះថា៖ «ប្អូនចង់សម្ដែងតួឆ្នាស់ព្រោះតួនេះពេលទៅណាមកណាមានមនុស្សចាប់អារម្មណ៍ច្រើនជាតួអង្គស្លូតបូត ជាពិសេសតួអង្គឆ្នាស់ពេលសម្ដែងបានវ៉ៃគេឯងថែមទៀតផង»
ជាចុងក្រោយកញ្ញា ឯម គុនថង បានសំណូមពរឱ្យពុកម៉ែបងប្អូនបន្តគាំទ្រកញ្ញានៅលើវេទិការប្រកួតអន្តរជាតិណាមួយជាបន្តទៀត និងបួងសួងឱ្យបងប្អូនខ្មែរជៀសផុតពីជំងឺកូវីដ-១៩៕
ទស្សនាវីដេអូព័ត៌មានខាងក្រោមនេះ៖