កីឡដ្ឋាន​បាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ ដែលគ្រោងប្រើប្រាស់ថវិកាអស់ប្រមាណ​២​លាន​ដុល្លារអាមេរិក ពេល​នេះ​សាងសង់បានប្រហែល៥០%​ហើយគិតត្រឹម​ដើម​ខែ​វិច្ឆិកា ឆ្នាំ២០២១ នេះ ខណៈ​តាម​តាម​ផែន​ការ​នឹង​បញ្ចប់​ដំណាក់​កាល​ទី១ នៅឆ្នាំ២០២២ ខាងមុខ។

កីឡដ្ឋានបាល់ទាត់លក្ខណៈស្តង់ដារនេះ​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤៤ ចម្ងាយ​ប្រមាណ៤​គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ នៅ​ភូមិ​តាម៉ុល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែលសាងសង់លើផ្ទៃដីជាង៤ហិកតា។ ក្លិប​បាល់ទាត់​ណាហ្គាវើល សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា មាន​ផែនការ​ប្រើប្រាស់​កីឡដ្ឋាន​នេះ​ធ្វើ​ជា​ទឹក​ដី​ប្រកួត​របស់​ខ្លួន​ក្នុង​ប្រកួត​នានា ក្នុង​ពេល​ខាង​មុខ។

កន្លងមកឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ធ្លាប់បាន​បញ្ជាក់​ថា​ការ​កសាង​កីឡដ្ឋាន​នេះ​យ៉ាង​ហោច​ណាស់​ចំណាយពេលវេលា យ៉ាងតិច១៥ខែ ចាប់ពីថ្ងៃបុកគ្រឹះពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ អប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និង​ទេសចរណ៍ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ បាន​អញ្ជើញ​ចូល​ក្នុង​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋានសាង នៅគ្រានោះផងដែរ។

កីឡដ្ឋាន​ស្តង់ដារ​អន្តរជាតិ​នេះ ក្រោម​ជំនួយ​ឧបត្ថម្ភ​ទឹក​ប្រាក់​ប្រមាណជាង ២​លាន​ដុល្លារអាមេរិក​ពី​មូល​និធិ​ណាហ្គាវើល និង​សប្បុរសជន​នានា ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ទាំង​មូល​ឱ្យ​ទាន់​ពេល​វេលា​ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡាស៊ីហ្គេម ឆ្នាំ២០២៣។

Telegram-Troryorng

Share.