មីៗនេះដោយសារមានការទាមទារជាច្រើនចំពោះករណីបុគ្គល សោភ័ណ្ឌ កក្កដា ដែលជាបុគ្គលម្នាក់មានឈ្មោះល្បីគួរសមលើបណ្ដាញសង្គមថាបានប្រព្រឹត្តខុសពីវិធានការសុខាភិបាល តែហេតុអ្វីបានជាបុគ្គលរូបនេះមិនត្រូវចាប់ឱ្យទទួលទោស។ ឆ្លើយតបចំពោះការលើកឡើងនិងចម្ងល់ចំពោះករណី សោភ័ណ្ឌ កក្កដា ដែលជាអតីតអ្នកជំងឺកូវីដដែរនោះ អនុគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានជំងឺកូវីដ-១៩ បានធ្វើសេចក្ដីពន្យល់យ៉ាងលម្អិតដូចខាងក្រោម៖

ការស្រាវជ្រាវ
ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចាប់ផ្ដើមមានអាការៈមិនស្រួលខ្លួន និងមិនបានចាកចេញពីខុនដូរបស់ខ្លួន។
ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចេញដំណើរពីភ្នំពេញទៅខេត្តតាកែវ ដើម្បីចូលរួមពិធីមង្គលការ និងស្នាក់នៅផ្ទះការចំនួន ១ យប់។
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចាកចេញពីតាកែវ នៅម៉ោងប្រមាណ ១២៖៣០នាទី រួចហើយបន្តទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅម៉ោងប្រហែល ១៤៖០០នាទី ដើម្បីយកសំណាក។ បន្ទាប់ពីយកសំណាករួច នៅប្រហែលម៉ោង ១៧៖០០នាទី ក៏បានជិះម៉ូតូកង់ ៣ ត្រលប់មកខុនដូវិញ។
ថ្ងៃទី១៣ និង ១៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានធ្វើចត្តាឡីស័កនៅខុនដូរបស់ខ្លួន រហូតដល់ពេលល្ងាចថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ ទើបក្រុមគ្រូពេទ្យទាក់ទងទៅប្រាប់ថាលទ្ធផលធ្វើតេស្ដ វិជ្ជមានមេរោគកូវីដ១៩ និងបានដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
ការផ្ទៀងផ្ទាត់ តាមទិន្និន័យផែនទី៖
ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ គឹបានចេញដំណើរពីភ្នំពេញ ទៅខេត្តតាកែវ ដោយបានទៅដល់ខេត្តតាកែវ នៅម៉ោង ១០៖៥៧នាទី។
ផ្ទះរៀបចំពិធីមង្គលការ គឺស្ថិតនៅភូមិចា ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។

យោងតាមលទ្ធការស្រាវជ្រាវនិងការផ្ទៀងផ្ទាត់ខាងលើបានបង្ហាញថាបុគ្គលខាងលើនេះ ពុំបានល្មើសនឹងវិធានសុខាភិបាលទេ គឺគ្រាន់តែជាទង្វើខ្វះការប្រុងប្រយ័ត្ននិងធ្វេសប្រហែសមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល លើការពាក់ម៉ាស់និងរក្សាគំលាតប៉ុណ្ណោះ៕
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩