ដូច​មហាជន​បាន​ដឹង​មក​ហើយ​ថា​ ​កន្លង​មក​អ្នកនាង​ ស្រេង សុកាន់ដា ហៅ​អ្នកនាង​ ​ខ្ញុង​ បាន​ទម្លាយ​រឿង​ជំពាក់​បំណុល​ជា​ច្រើន​នាក់​សរុប​ជាង​ ​៥៧ ​ម៉ឺន​ដុល្លារ​ ​និង​ប្រកាស​លក់​ផ្ទះ​សម្បែង​ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ខ្លួន​ដើម្បី​ដោះ​បំណុល​។​ ​នា​ពេល​ថ្មីៗ​នេះ​ដែរ​ ​អ្នកនាង​បាន​ងាក​មក​លក់​ប្រហុក​ ​ផ្អក​ ​នៅ​បណ្ដាញ​សង្គម​អនឡាញ​ដូច​មុន​ ដើម្បី​សន្សំ​លុយ ​និង​ចិញ្ចឹម​ជីវិត​។​ ​អ្នកនាង​ធ្លាប់​ប្រកាស​ខ្លួន​ក្ស័យធន​ និង​សូម​ក្ដី​មេត្តា​អាណិត​យោគយល់​ពី​ម្ចាស់​បំណុល​ខ្លួន​ឱ្យ​ពន្យារ​ពេល​សង​បំណុល​។​ ​បើ​គិត​មក​ដល់​ទល់​ថ្ងៃ​ទី​ ​១៦ ​ខែ​ ​វិច្ឆិកា ​ឆ្នាំ​២០២១​នេះ​ អ្នក​នាង​បាន​អះអាង​ថា​ ​​​បាន​​សង​បំណុល​ដែល​បាន​ជំពាក់​គេ​ ​គឺ​ជា​ដំណាក់​កាល​ ដោយ​មាន​ការ​ព្រមព្រៀង​ចរចា​ជាមួយ​ម្ចាស់​បំណុល​នីមួយ​ៗ​។​

​សូម​ជម្រាប​ថា​ ​ប្រជាប្រិយភាព​របស់​អ្នកនាង​ ​ខ្ញុង​ត្រូវ​បាន​សាង​មហាជន​ស្គាល់​តាមរយៈ​ការ​កំប្លែង​ធ្វើ​ឱ្យ​មហាជន​ផ្ទុះ​សំណើច​ដល់​ហៀរ​ទឹកភ្នែក​ ​ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​ជំងឺ​កូវីដ​១៩​នេះ​ ​សូម្បី​តែ​មុខ​របស់​អ្នកនាង​ ខ្ញុង​ ​ក៏​ត្រូវ​បាន​បាត់​ពី​កញ្ចក់​ទូរទស្សន៍​ ​និង​រោងការ​តែ​ម្ដង​។​ ទន្ទឹម​នឹង​មាន​ការ​ប្រកាស​របស់​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​មាន​ពិធី​មង្គលការ​វិញ​នោះ​ ​អ្នក​នាង ​ខ្ញុង ​ហាក់​បី​ដូច​មាន​សង្ឃឹម​ឡើង​វិញ​។​ ដោយ​ឃើញ​ការ​បង្ហោះ​របស់​អ្នកនាង​នៅ​លើ​បណ្ដាញ​សង្គម​ក៏​ឱ្យ​ដឹង​ថា​ ​ អ្នកនាង​បើក​ការ​ទទួល​ការងារ​ ជា​អ្នក​ច្រៀង​កាត់សក់​ក្នុង​ពិធី​រៀប​មង្គលការ​ ​តាមរយៈ​ការ​អាណិត​របស់​ស្រលាញ់​គាំទ្រ​ដល់​រូប​នាង​ ។

ផ្ដល់​សម្ភាសន៍​ផ្ទាល់​ដល់​អ្នក​សារព័ត៌មាន​ត្រយង ​អ្នកនាង​ ​ខ្ញុង ​បាន​រៀបរាប់​ថា​ ​សព្វ​ថ្ងៃនេះ ​អ្នកនាង​ ​និង​ស្វាមី​ គឺ​បើក​ទទួល​ការ​អញ្ជើញ​ចូលរួម​ច្រៀង​កាត់សក់​តាម​ពិធី​មង្គលការ​ ដើម្បី​សន្សំ​ប្រាក់​មួយ​ចំនួន​សង​ទៅ​កាន់​ម្ចាស់​បំណុល​។​ ​អ្នក​នាង​ថា​ ​មក​ទល់​ពេល​នេះ​ ​គឺ​មាន​បងប្អូន​អ្នកគាំទ្រ​បាន​ផ្ញើ​សារ​ និង​ទូរស័ព្ទ​មក​កក់​អ្នកនាង​ជា​ច្រើន​នាក់​ហើយ ​ដោយ​មិន​ប្រកាន់​ ឬ​​ក្នក់​ចិត្ត​ ​បិទ​ផ្លូវ​ច្រៀង​ការ​ ​ដោយ​សារ​រឿង​ដែល​អ្នក​នាង​ជំពាក់​បំណុល​គេ​នោះ​ទេ​ ពោល​គឺ​ ​អ្នកគាំទ្រ ​និង​មហាជន​ ​មាន​តែ​ក្ដី​ស្រឡាញ់​ និងអាណិតចំពោះអ្នកនាង ហើយ​ថែម​ទាំង​ជួយ​ចូក​ជួយ​ស្រង់​អ្នក​នាង​ចេញ​ពី​បញ្ហា​វិបត្តិ​ទៅ​វិញ​។​ ​អ្នក​នាង​ខ្ញុង​ ​ក៏​បាន​អះអាង​ទៀត​ថា​ ​«អ្នក​គាំទ្រ​បាន​ប្រាប់​ខ្ញុំ​ថា​ ​បង​! ខ្ញុំ​ចង់​ឱ្យ​បង​ទៅ​ច្រៀង​កាត់សក់​ ​តែ​ខ្ញុំ​មិន​បាន​ប្រកាន់​ខ្វល់​ពី​រឿង​បង​ជំពាក់​បំណុល​ឯណា ​បង​មិន​បាន​រត់​ចោល​បំណុល​ ​ឬ​រត់​ចោល​ស្រុក​ឯណា​ ​រឿង​អី​ខ្ញុំ​មិន​អាច​ហៅ​បង​ច្រៀង​បាន​»​។​ សម្ដី​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អ្នកនាង​ខ្ញុង​កាន់​តែ​រំភើប​ចិត្ត​ ​ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​នឹង​បាន​ដោះស្រាយ​បំណុល​បាន​ឆាប់​រហ័ស​។​

អ្នក​នាង​ខ្ញុង​ ​បាន​បន្ត​រៀប​រាប់​ថា​ នៅ​ក្នុង​ខ្លួន​អ្នកនាង​គឺ​មាន​ប្រាក់​ដែល​បង​ប្អូន​មហាជន​បាន​បាញ់​មក​ឱ្យ​តាមរយៈ​កុង​ធនាគារ​ ​ABA ​តែ​សូម្បី​តែ​១​សេន​នៃ​សាច់​ប្រាក់​នោះ​ ​អ្នកនាង​ថា​នៅ​មិន​ហ៊ាន​ប៉ះពាល់​ទេ​។​ យ៉ាង​ណា​មិញ​រហូត​មក​ទល់​ពេល​នេះ ​អ្នក​នាង​ឆ្លើយ​ថា​ នៅ​មាន​អ្នក​គាំទ្រ​អ្នក​នាង​បាន​យក​ថវិការ​មក​ជួយ​នាង​ផ្ទាល់ដៃ​បន្ដិច​បន្តួច​ថែម​ទៀត​ផង​ ​ព្រោះ​បារម្ភ​ខ្លាច​អ្នកនាង​គ្មាន​លុយ​ចិញ្ចឹម​ជីវិត​ ​ឬ​មិន​អាច​ដក​ប្រាក់​ចេញ​ពី​កុង​ធនាគារ​បាន​។​ អ្នក​នាង​បន្ត​ថា​ ​អ្នក​នាង​អរគុណ​ជា​ខ្លាំង​ដល់​រាជរដ្ឋាភិបាល​ ​ដែល​បាន​បើក​ឱ្យ​មាន​ពិធី​មង្គលការ​ឡើង​វិញ​ ដែល​ហាក់​បី​ដូច​ជា​ផ្ដល់​ដង្ហើម​ឱ្យ​អ្នកនាង​បាន​រស់​បន្ដ​ទៅ​មុខ​ទៀត​ ​និង​អរគុណ​ដល់​ស្វាមី​ ដែល​តែង​តែ​នៅ​ក្បែរ​ជា​កម្លាំង​ចិត្ត​គ្រប់​ពេល​វេលា​ ​ព្រម​ទាំង​អស់​អរគុណ​ដល់​មហាជន​ដែល​ស្រឡាញ់​គាំទ្រ​អ្នក​នាង​គ្រប់​កាលៈទេសៈ​ ហើយ​ផ្ញើសារ​មក​លើក​ទឹក​ចិត្ត​អ្នក​នាង​រហូត​។​

អ្នកនាង ​ខ្ញុង​ ​ក៏​បាន​បង្ហើប​ទៀត​ថា​ ​នៅ​ពេល​ដែល​អ្នក​សន្សំ​ប្រាក់​បាន​មួយ​ចំនួន​ហើយ​ អ្នក​នាង​នឹង​ព្យាយាម​កសាង​ជីវភាព​គ្រួសារ​ឡើង​វិញ​ ហើយ​នឹង​បង្វិល​ប្រាក់​មួយ​ចំនួន​ធ្វើ​ដើម​ទុន​រក​ស៊ី​បន្ដ​ទៀត​ នៅ​ពេល​អ្នក​ដែល​អ្នកនាង​បាន​សង​បំណុល​គេ​អស់​។​ ​អ្នកនាង​ថា​ មក​ទល់​ពេលនេះ​គឺ​គ្មាន​បំណុល​ណា​មួយ​មក​គំរាម​កំហែង​អ្នកនាង​ទេ​ ​គឺ​មាន​តែ​ការ​អាណិត​ ​និង​យោគយល់​ចំពោះ​អ្នក​នាង​តែ​ម្ដង​៕​

Telegram-Troryorng
Share.